(ភ្នំពេញ)៖ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ លើគម្រោងធំៗចំនួន ៣ទៀត ពាក់ព័ន្ធបញ្ហាបរិស្ថាន, ទឹក, ប្រព័ន្ធប្រឡាយ-លូ និងសំណល់រាវនៅកម្ពុជា។
តាមរយៈសន្និសីទព័ត៌មាន ដែលធ្វើឡើងនៅស្ថានទូតជប៉ុននៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា គម្រោងទាំង៣នោះរួមមាន៖ ទី១. គម្រោងការបង្កើតវេទិការអភិរក្ស ក្នុងការកែលម្អរគុណភាពទឹក, ទី២. គម្រោងសម្រាប់ការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យបំពុលបរិស្ថានតាមរយៈការអភិវឌ្ឍសមត្ថភាពនៃក្រសួងបរិស្ថាន និងទី៣. គម្រោងផែនការមេកែលម្អប្រព័ន្ធប្រឡាយ-លូ និងសំណល់រាវក្នុងរាជធានីភ្នំពេញ។
លោក សាយ បូរ៉ាមន្រ្តីកម្មវិធី JICA បានបញ្ជាក់ឲ្យដឹងថា គម្រោងធំៗចំនួន២ ដែល JICA ជាអ្នកដំណើរការ និងទទួលខុសត្រូវរួមមាន៖
ទី១៖ គម្រោងបង្កើតវេទិកាអភិរក្ស ក្នុងការកែលម្អរគុណភាពទឹក គឺធ្វើឡើងដើម្បីបង្កើតក្របខណ្ឌ ដើម្បីសម្រេចឲ្យបាននូវការអភិរក្សបរិស្ថានបឹងទន្លេសាបក្នុងរយៈពេលវែង និងដើម្បីពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្រ្ត និងរដ្ឋបាលសម្រាប់ គ្រប់គ្រងបរិស្ថានទឹកបឹងទន្លេសាប។ គម្រោងនេះ បានដំណើរការតាំងពីខែមេសា ឆ្នាំ២០១៦ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៥ឆ្នាំ។
ទី២៖ ម្រោងសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យបំពុលបរិស្ថានតាមរយៈការអភិវឌ្ឍសមត្ថភាពនៃក្រសួងបរិស្ថាន ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពស្ថាប័ន និងបច្ចេកទេសរបស់ក្រសួងបរិស្ថាន ដើម្បីអនុវត្តបេសកកម្មរបស់ខ្លួន ក្នុងការធានានូវកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងពង្រឹងសមត្ថភាពអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្នុងការការពារ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើ EIA និងទឹក។គម្រោងនេះ នឹងចាប់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៧នេះ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៣ឆ្នាំកន្លះ។
ទី៣៖ គម្រោងផែនការមេកែលម្អប្រព័ន្ធប្រឡាយ-លូ និងសំណល់រាវក្នុងរាជធានីភ្នំពេញ ដែលជាការទទួលខុសត្រូវរបស់មន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ គឺធ្វើឡើងដោយសារតែរដ្ឋាភិបាលជប៉ុន មានការព្រួយបារម្ភចំពោះការហិចហោចនៃមុខងារប្រព័ន្ធបង្ហូរទឹកភ្លៀង ដោយសារការចាក់សំរាមនៅក្នុងបំពង់លូបង្ហូរ និងប្រឡាយផ្សេងៗ ដែលបានស្នើឡើងក្នុងផែនការមេ និងគម្រោងអភិវឌ្ឍប្រព័ន្ធលូបង្ហូរទឹកភ្លៀង។ គម្រោងនេះ ទើបតែអនុវត្តរួច ហើយគ្រោងនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ។
លោក ជូ គឹមទ្រី បានបន្តថា គម្រោងខាងលើនេះ អាចជួយកាត់បន្ថយការស្ទះប្រព័ន្ធលូ និងបង្កឲ្យមានទឹកជំនន់ក្នុងរាជធានីភ្នំពេញល្អប្រសើរជាងមុន ហើយលោករំពឹងថា គម្រោងនេះ អាចនឹងជួយឲ្យរាជធានីភ្នំពេញ ទប់ស្កាត់បានការជន់លិចដោយសារបញ្ហាប្រព័ន្ធលូនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា រាប់បញ្ចូលទាំងផ្នែកហេដ្ឋារចនាសម័្ពន្ធសេដ្ឋកិច្ច វិស័យឯកជន កសិកម្ម និងការអភិវឌ្ឍន៍ជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធលូ សុខភាព ការថែទាំវេជ្ជសាស្រ្ត គុណភាពអប់រំ ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ សមភាពយេនឌ័រ និងការដោះមីនជាដើម៕