(ភ្នំពេញ)៖ បន្ទាប់ពីសម្រេចដាក់ឲ្យអនុវត្តន៍អត្រាការប្រាក់ឥណទាន (ប្រាក់កម្ចី) មកនៅត្រឹមតែ១៨% ក្នុងមួយឆ្នាំ ឬ១.៥%ក្នុងមួយខែនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុ ដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជៀងវាងជួបបញ្ហា។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការទម្លាក់អត្រាការប្រាក់ឥណទានមកត្រឹម១៨%នេះ ជាការចូលរួមចំណែកដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវការឥណទាន ដើម្បីដោះស្រាយជីវភាព ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំ បានខ្ចីប្រាក់ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់ជាង៣០%។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា៖ «ដើម្បីជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ជាពិសេសបងប្អូនដែលកំពុងប្រឈម និងអត្រាការប្រាក់ខ្ពស់ និងម៉្យាងវិញទឿត ដើម្បីជំរុញការប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ឋភាព គឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នេះតទៅ ពិដានអត្រាការប្រាក់ឥណទាន មានកម្រិតតែ១៨%ទេក្នុងមួយឆ្នាំ»

សម្តេចតេជោ បានស្នើដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា «សូមបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ឥណទានមីក្រូហិរញ្ញវត្ថុ ត្រូវមានការទទួលខុសត្រូវ និងប្រយ័ត្នប្រយែងខ្ពស់បំផុត។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសចក្តីសុខ និងមានសំណាងល្អគ្រប់ពេល»

សូមជម្រាបថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ នេះបើតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។

ការទម្លាក់អត្រាការប្រាក់នេះ ត្រូវបានធនគារជាតិនៃកម្ពុជា អះអាងថា ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការការពារ ផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ​​ក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការ ប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ និងជំរុញការប្រើប្រាស់ឥណទាន ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមាន​ការប្រុងប្រយ័ត្នខ្ពស់ជាងមុន។

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែមីនានេះថា ការអនុវត្តន៍អត្រាការប្រាក់ ឥណទាន (កម្ចី) មិនលើស១៨%ក្នុងមួយឆ្នាំ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំងអស់នៅកម្ពុជា គឺអនុវត្តន៍សម្រាប់តែ អតិថិជនថ្មីតែប៉ុណ្ណោះ, ដោយឡែកសម្រាប់អតិថិជនចាស់គឺរក្សាគោលការណ៍ អត្រាការប្រាក់ដដែល។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តន៍អត្រាការប្រាក់ មិនលើស១៨% ឬ១.៥%ក្នុងមួយខែ គឺចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជាកំហិត។

* ធនាគារជាតិកម្ពុជា សូមបញ្ជាក់ថា សម្រាប់អតិថិជនចាស់ដែលកំពុងជំពាក់ប្រាក់នោះ ក៏អាចខ្ចីប្រាក់ជាមួយអត្រាការប្រាក់ថ្មី លើសពី១៨%ផងដែរ៕