(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ស្ថាបត្យករ​ខ្មែរទំាងអស់ឲ្យរាល់​ការស្ថាបនា​សំណង់អគារខ្ពស់ៗត្រូវបញ្ចូលគំនិតស្ថាបត្យកម្ម និងរចនាបថខ្មែរ ដើម្បីរក្សាបានអត្តសញ្ញាណជាតិ និងការទាក់ទាញភ្ញៀវ​ទេសចរ។

រដ្ឋលេខាធិការក្រសួងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ លោក ភឿង សុភ័ណ្ឌ បានអះអាងថា ក្រសួងគ្រោង​ចេញគោលការណ៍លើកទឹកចិត្តដល់ស្ថាបត្យករខ្មែរជាង ២,០០០នាក់ ឲ្យចូលរួមលើកកម្ពស់តម្លៃ​ស្ថាបត្យកម្មខ្មែរនាសម័យមុន តាមរយៈការរចនាប្លង់សំណង់ទំាងខាងក្នុងអគារ និងក្រៅអគារឲ្យមានលក្ខណៈ​ជាស្ថាបត្យកម្មខ្មែរ ខណៈវិស័យសំណង់​នៅកម្ពុជា កំពុងមានការរីកចម្រើន ឥតឈប់ឈរ។

ថ្លែងក្នុងពិធីបើកសន្និសីទសារព័ត៌មានស្តីពីវេទិកាតំាងពិព័រណ៍ស្នាដៃស្ថាបត្យកម្មខ្មែរឆ្នាំ២០១៧ នៅថ្ងៃទី១៣ ខែមីនា នេះ លោក ភឿង សុភណ្ឌ័ បានបញ្ជាក់ថា «ទោះបីកម្ពុជាបានបើកសិទ្ធសេរីភាពទូលាយក្នុងការសាងសង់សំណង់ អគារក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវតែទាមទារឲ្យសំណង់អគារទំាងអស់ត្រូវមានក្បាច់ចម្លាក់ រូបសណ្ឋានបញ្ជាក់អំពីវប្បធម៌ខ្មែរ។ បើពុំដូច្នោះទេ អ្វីដែលជារបស់ដូនតាខ្មែរបង្កើតពីមុនមកនឹងត្រូវបាត់បង់ជាមិនខាន»។

«ស្ថាបត្យកម្ម នៃសម័យរាជធានីអង្គរត្រូវបានសាងសង់យ៉ាងល្អឥតខ្ចោះ ប្រកបដោយទេពកោសល្យខ្ពស់ ហើយភាពល្អឯក​នៃសា្ថបត្យកម្មនេះ មិនត្រឹមតែនាំមកនូវមោទនភាពប៉ុណ្ណោះទេ ថែមទំាងបានផ្តល់ឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសប្រកប​ដោយភាពទាក់ទាញផ្នែកទេសចរណ៍វប្បធម៌ដ៏សំខាន់»។ លោក ភឿង សុភ័ណ្ឌ បញ្ជាក់បន្ថែម។

បើតាមលោករដ្ឋលេខាធិការ ក្រុមស្ថាបត្យករខ្មែរគ្រោងនឹងជួបជុំគ្នាទ្រង់ទ្រាយធំជាលើកដំបូងនៅខែកញ្ញាខាងមុខ ក្នុងព្រឹត្តការណ៍​ពិព័រណ៍ស្នាដៃស្ថាបត្យកម្មខ្មែរ ឆ្នាំ២០១៧ ដើម្បីពិភាក្សាដាក់បញ្ចូលវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងអត្តសញ្ញារបស់ខ្មែរ ក្នុងការសាងសង់អគារស៊េរីទំនើបៗ ដែលមិនចម្លងពីគេធានាឲ្យសំណង់​អគាររបស់ខ្មែរប្រកប​ដោយភាព​ទាក់ទាញ។

លោក ផល ម៉ាចាន់ឌី ជាបុគ្គលិកលក់សំភារៈសំណង់មួយនៅរាជធានីភ្នំពេញបានបញ្ជាក់ថា ការជំរុញឲ្យការសាងសង់​សំណង់អគារដែល​មានរចនាបថជារបស់ខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ល្អ ដោយវាមិនត្រឹមតែជាការឲ្យ​តម្លៃទៅលើស្នាដៃ​បុព្វបុរសខ្មែរជំនាន់មុនប៉ុណ្ណោះទេ ប៉ុន្តែវាបានជំរុញកំណើនសេដ្ឋកិច្ច​ជាតិតាមរយៈការអូសទាញភ្ញៀវ​ទេសចរមកទស្សនាកម្សាន្តជាច្រើនទៀត។ ជាក់ស្តែងដូចជា អគារផេត្រូណាស់ធ្វីនថូវើ នៅប្រទេសម៉ាលេស៊ី ទួលអេហ្វែល នៅប្រទេសបារំាង និងសំណង់អគារ burjal arab នៅក្នុងទីក្រុងឌូប៉ៃប្រទេសអារ៉ាប់រួម ដែលបានទាក់ទាញភ្ញៀវ​ទេសចរក្នុងមួយ​ឆ្នាំៗ រាប់លាននាក់ទៅទស្សនាសំណង់អាគារទំា ងនោះ។

សូមបញ្ជាក់ថា សមាជស្ថាបត្យករកម្ពុជាឆ្នាំ២០១៧ នឹងត្រូវបានធ្វើឡើងនៅខែកញ្ញា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ឆ្នាំ២០១៧ នៅសាលពិព័រណ៍កោះពេជ្រ រួមបញ្ចូលជាមួយការតាំងពិព័រណ៍ពាណិជ្ជកម្ម CAMBUILD'17 និង ARCHITEC 17 ដែលជាពិព័រណ៍វិស័យ សំណង់ និងស្ថាបត្យកម្មធំជាងគេនៅក្នុងប្រទេសកម្ពុជា។ សមាជស្ថាបត្យកម្មកម្ពុជាឆ្នាំ ២០១៧ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំដំបូងគេក្នុងឧស្សាហកម្មនេះ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ វិស័យសំណង់នៅកម្ពុជាមានកំណើនរហូតដល់ជាង២ដងកន្លះ ឬស្មើនឹង១៥៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ទោះជាយ៉ាងនេះក្តីសំណង់អគារដែលរីកលូតលាស់ទំាងនោះភាគច្រើនពុំសូវមានបញ្ចូលរចនាបថជារបស់ខ្មែរឡើយ ប៉ុន្តែសំណង់អគារ ដែលបានសាងសង់ឡើងទៅតាមរចនាបថ ខ្មែរភាគច្រើន ជារបស់ក្រសួងស្ថាប័នរដ្ឋតែប៉ុណ្ណោះ៕