(ភ្នំពេញ)៖ ក្រុមហ៊ុនជីប ម៉ុង គ្រុបនឹងផ្តល់ឱកាសការងារឲ្យប្រជាពលរដ្ឋកម្ពុជារាបរយនាក់ ដើម្បីបំរើការងារក្នុងក្រុមហ៊ុន វិនិយោគថ្មី គឺក្រុមហ៊ុនជីប ម៉ុង ហ្វីដ ដែលផលិតចំណីជ្រូក និងចិញ្ចឹមជ្រូក នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
លោកឧកញ៉ាលាង ឃុនប្រធានក្រុមអគ្គនាយកក្រុមហ៊ុនជីប ម៉ុង គ្រុប បានថ្លែងថា «ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដែលមានសមត្ថភាព និងជំនាញទាក់ទងនឹងការផលិតចំណីជ្រូក និងកសិដ្ឋានចិញ្ចឹមជ្រូក សូមដាក់ពាក្យធ្វើការជាមួយក្រុមហ៊ុន ជីប ម៉ុង ហ្វីដ របស់យើងនេះ»។
លោកឧកញ៉ាបានបន្តទៀតថា ការបង្កើតក្រុមហ៊ុនជីប ម៉ុងហ្វីដ នឹងផ្តល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដោយផ្តល់ការងារដោយផ្ទាល់ និងប្រយោលឲ្យប្រជាពលរដ្ឋកម្ពុជាច្រើនពាន់នាក់ ជួយកាត់បន្ថយការនាំចូលផលិតផលបរទេស និងបង្កើនផលិតផលដែលផលិតដោយកម្ពុជា និងជួយលើកមុខមាត់កម្ពុជាមួយកម្រិតផងដែរ។
លោកឧកញ៉ាបានបង្ហើបឲ្យដឹងថា «ក្រុមហ៊ុនជីប ម៉ុង ហ្វីដ នឹងវិនិយោគ៦០លានដុល្លារអាមេរិកលើបច្ចេកវិទ្យា និងគ្រឿងចក្រទំនើបចុងក្រោយបង្អស់ពីសហគមន៍អឺរ៉ុប ដើម្បីដំឡើងរោងចក្រផលិតចំណីជ្រូកនេះ ហើយយើងនឹងប្រើគ្រឿងផ្សំល្អជាងគេដើម្បីផលិតចំណីជ្រូក។ រោងចក្រនឹងមានសមត្ថភាព ផលិតចំណីជ្រូកបានជិត២សែនតោនក្នុងមួយឆ្នាំ ចំណែកកសិដ្ឋានចិញ្ចឹមជ្រូកនឹងផ្តល់ទិន្នផលជ្រូកជិត៣សែនក្បាលក្នុងមួយឆ្នាំ»។
នេះជាការវិនិយោគថ្មីមួយទៀតរបស់ក្រុមហ៊ុនជីបម៉ុងគ្រុប លើការបង្កើតរោងចក្រឧស្សាហកម្មខ្នាតធំ ដែលកន្លងមកក្រុមហ៊ុនធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងនិងដំណើរការរោងចក្រឧស្សាហកម្មធំៗជាច្រើន ដូចជារោងចក្រផលិតបេតុងលាយស្រេច រោងចក្រក្បឿងរោងចក្រស៊ីម៉ងត៍ និងរោងចក្រស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទ៕