(បាត់ដំបង)៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ប្រធានគណៈពង្រឹងមូលដ្ឋានគណបក្សប្រជាជនកម្ពុជា (CPP) ចុះឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង បានជម្រុញឲ្យបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ចុះជួយជួសជុលផ្ទះ និងប្រក់ស័ង្កសីជូនពលរដ្ឋក្រីក្រ១២គ្រួសារ នៅតាមបណ្តាភូមិ ដើម្បីលុបបំបាត់ផ្ទះស្បូវឲ្យអស់ ហើយប្រែក្លាយទៅជាផ្ទះមានបក្រក់ស័ង្កសីវិញ។
លោកបានថ្លែងថា ដោយមានការស្រាវជ្រាវឃើញ និងតាមសំណូមពរ របស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំ លោកបានណែនាំទៅបេក្ខជន ក្រុមប្រឹក្សាឃុំទាំងអស់ នាំកូនឈើចំនួន៥០ដើម និងស័ង្កសីចំនួន២៨០សន្លឹក ទៅជួយជួសជុលនៅតាមខ្នងផ្ទះចំនួន១២គ្រួសារ ក្នុងនោះមាន៖ នៅភូមិក្តោងចំនួន២គ្រួសារ ភូមិភ្នំសំពៅកើតចំនួន៤គ្រួសារ ភូមិសំណាញ់ចំនួន៥គ្រួសារ និងភូមិសំណាញ់ចំនួន១គ្រួសារ។ ពលរដ្ឋក្រីក្រទាំង១២គ្រួសារនោះ គឺភាគច្រើនសុទ្ធតែជាស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង និងអ្នកមានជម្ងឺប្រចាំកាយ ជាដើម។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា «យោងតាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ដោយបានប្រើប្រាស់វប្បធម៌ចែករំលែក ជួយពួកគាត់រហូតកន្លងមក មិនដែលខាន និងមិនដែលប្រកាន់និន្នាការអ្វីឡើយ រយៈពេលកន្លងមក បើទោះបីប្រជាពលរដ្ឋមានជួបបញ្ហា ការលំបាកអ្វីមួយគឺមាន មុខក្រុមការងារចុះជួយដោះស្រាយបានទាន់ពេលវេលា»។
លោកថា ជាច្រើនឆ្នាំមកហើយ មិនដែលមានបក្សណាមកជួយធ្វើផ្លូវថ្នល់ ជីកប្រឡាយ ចែលមូលនិធិមនុស្សធម៌ និងជួយកិច្ចការសង្គមផ្សេងៗនោះឡើយ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលខិតខំយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ឯបក្សប្រឆាំងបានត្រឹមតែដើរវាយប្រហារ ឃោសនាបោកប្រាស់គ្មានមូលដ្ឋានច្បាស់លាស់ ភូតពលរដ្ឋឲ្យបោះឆ្នោតឲ្យពួកគេប៉ុណ្ណោះ។
នៅក្នុងពេលធ្វើ និងជួសជុលប្រក់ស័ង្កសីផ្ទះជូនប្រជាពលរដ្ឋទាំងអស់នោះពួកគាត់បានអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមការងារគណៈពង្រឹងមូលដ្ឋានបក្សមូលដ្ឋាន ដែលបានយកចិត្តទុកចុះជួយដល់ពួកគាត់កន្លងទៅ ក៏ដូចជាបច្ចុប្បន្ន និងទៅថ្ងៃអនាគតផង ហើយប្រជាពលរដ្ឋទាំងអស់បានអះអាងថា ពួកគាត់ឈប់ចាញ់ឃោសនា ចាញ់បោកបក្សប្រឆាំងទៀតហើយ។
ប្រជាពលរដ្ឋបានប្តេជ្ញាចិត្តដូចគ្នាថា «យើងទាំងអស់គ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាដើមខែមិថុនានេះក្នុងឆ្នាំ២០១៧ខាងមុខនេះ ក៏ដូចជា បោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្តនា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ពិសេសថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង ជាអនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត និងជាតំណាងរាស្រ្តខេត្តបាត់ដំបង បន្តដឹកនាំប្រទេសជាតិ កសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យកាន់តែរីកចម្រើនជាងមុនបន្ថែមទៀតផងដែរ»៕