(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី១៣ ខែមីនានេះថា ការអនុវត្តន៍អត្រាការប្រាក់ឥណទាន (កម្ចី) មិនលើស១៨%ក្នុងមួយឆ្នាំ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា គឺអនុវត្តន៍សម្រាប់តែ អតិថិជនថ្មីតែប៉ុណ្ណោះ, ដោយឡែកសម្រាប់អតិថិជនចាស់គឺរក្សាគោលការណ៍ អត្រាការប្រាក់ដដែល។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តន៍អត្រាការប្រាក់មិនលើស១៨% ឬ១.៥%ក្នុងមួយខែ គឺចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជាកំហិត។
* ធនាគារជាតិកម្ពុជា សូមបញ្ជាក់ថា សម្រាប់អតិថិជនចាស់ដែលកំពុងជំពាក់ប្រាក់នោះ ក៏អាចខ្ចីប្រាក់ជាមួយអត្រាការប្រាក់ថ្មី លើសពី១៨%ផងដែរ។
តាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលជាអ្នកខ្ចីប្រាក់បានឲ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ បានអនុវត្តន៍អត្រាការប្រាក់ត្រឹមជាង១០% ក្នុងមួយឆ្នាំ ប៉ុន្តែមានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនធំ បានកំណត់អត្រាការប្រាក់រហូត ដល់ជាង៣០% ក្នុងមួយឆ្នាំ ឬ ៣%ក្នុង១ខែ ពិសេសនៅតាមទីជនបទ។ ប៉ុន្តែនៅពេលនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់កម្ចីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ នេះបើតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។
ការទម្លាក់អត្រាការប្រាក់នេះ ត្រូវបានធនគារជាតិនៃកម្ពុជា អះអាងថា ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការការពារ ផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការ ប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទាន ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន៕