(ព្រះសីហនុ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការរងារអចិន្រ្តៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍនៅលើកោះរ៉ុង បានបញ្ជាក់ថា ដើមឆ្នាំ២០១៧នេះ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅលើកោះរ៉ុង កើនឡើង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។
ទិន្នន័យនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ដើម្បីដោះស្រាយ ជុំរុញតាមដានការងារអភិវឌ្ឍន៍លើកោះរ៉ុងកាលពីព្រឹកថ្ងៃទី១៣ មិនានេះនៅសាលាខេត្តព្រះសីហនុដោយមានកាចូលរួមពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា កោះរ៉ុង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ នៅតំបន់ឆ្នេរសមុទ្រភាគនិរតី ដែលចំនួនទេសចរមានការកើនឡើងជាលំដាប់ ក្នុងមួយថ្ងៃមានទេសចរ ជាង១ពាន់នាក់ «ជាក់ស្តែង នៅត្រីមាសទី១ ដើមឆ្នាំ២០១៧នេះ ទេសចរដែលទៅកម្សាន្តនោះលើកោះរ៉ុង មានចំនួន ៥៧,៥៨០នាក់ ក្នុងកំណើន ២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦»។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថាអង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស និងបានសំរេចជំរុញការងារបន្តទៀតរួមមាន៖
១៖ ការវាស់វែង កំណត់អត្តសញ្ញាណកម្ម នៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ នឹងត្រូវបិទផ្សាយនាពេលខាងមុខ ខណៈក្រុមការងារបច្ចេកទេសរបស់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសិក្សារៀបចំប្លង់គោលថ្មី សម្រាប់ការអភិវឌ្ឍដោយចីរភាព ដោយគិតគូពីភូមិលំនៅដ្ឋាន តំបន់រដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងតំបន់ការពារ។ ចំពោះមុខអាជ្ញាធរមូលដ្ឋាន ត្រូវហាមឃាត់ដាច់ខាត លើការកាប់ទន្រ្ទាន និងសាងសង់លើតំបន់ការពារ និងតំបន់ហាមឃាត់ តាមតំបន់គៀកនឹងតំបន់ឆ្នេរសមុទ្រ។
២៖ ក្រុមការងារទេសចរណ៍ និងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថាន ត្រូវបន្តគ្រប់គ្រងសេវាកម្មទេសចរណ៍ ដោយបន្តផ្តល់អាជ្ញាបណ្ណទេសចរណ៍បណ្តោះអាសន្ន ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងមធ្យោបាយដឹកជញ្ចូនទេសចរ និងពង្រឹងគុណភាព តាមរយៈការបណ្តុះបណ្តាលវីជ្ជាជីវៈ ជំនាញទេសចណ៍ និងបន្តអប់រំអាជីវករ និងប្រជាពលរដ្ឋ ឲ្យចេះប្រើប្រាស់ Septic Tank និងចូលរួមសម្អាត ការពារឆ្នេរ និងការគ្រប់គ្រងសំណល់រឹង។
៣៖ ក្រុមការងារសន្តិសុខ រួមជាមួយរដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត និងអង្គភាពពាក់ព័ន្ធ បន្តពង្រឹងសន្តិសុខសុវត្តិភាព និងសណ្តាប់ធ្នាប់ ពិសេសទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃ ការសាងសង់លើ តំបន់ហាមឃាត់ និងរក្សាសុវត្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ទប់ស្កាត់ឲ្យបានការប្រើប្រាស់គ្រឿងញៀន នៅលើកោះទេសចរណ៍មួយនេះ។
ពាក់ពាន់នឹងការជំរុញការអភិវឌ្ឍផ្លូវថ្នល់និងប្រព័ន្ធលូ តាមបណ្តោយឆ្នេរសមុទ្រ ប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងរាវ ការសិក្សាកំនត់ទីតាំងសាងសង់កំពង់ផែ ទេសចរណ៍ចេញពីក្រុងព្រះសីហនុ និងនៅកោះរ៉ុង លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយមានគំរោងពីធានាគារអភិវឌ្ឍន៏ អាសុី ADB គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ បានប្រគល់ភារកិច្ចឲ្យក្រសួងទេសចរណ៍សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីធ្វើការសិក្សាឲ្យបានឆាប់រហ័ស ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ធ្វើការពិនិត្យនិងសម្រេច។
តាមការព្យាករណ៍ ក្នុងឆ្នាំ២០១៧នេះ ទេសចរដែលនឹងទៅកម្សាន្តនៅលើកោះរ៉ុង អាចកើនដល់ ៣០ម៉ឺននាក់៕