(ភ្នំពេញ)៖ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ លើវិស័យសុខាភិបាល ចុះជួយព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានចុះអនុស្សារណៈយោគយល់គ្នា (MoU)នៅសណ្ឋាគារភ្នំពេញ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព និងចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងលោក សាម ឃុន ប្រធានក្រុមប្រឹក្សាភិបាក្រុមហ៊ុន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ព្រមទាំងមានការចូលរួមពីសំណាក់ ក្រុមការងារ នៃស្ថាប័នទាំងពីរជាច្រើននាក់ផងដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ពីមួយថ្ងៃទៅមួយថ្ងៃ បានពង្រីកសកម្មភាព មនុស្សធម៌របស់ខ្លួន ទៅតាមលទ្ធភាពដោយមានការចូលរួមពីសប្បុរសជន និងស្ថាប័នមនុស្សធម៌ផ្សេងៗ ដើម្បីចុះពិនិត្យ និងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្ត រោងចក្រ សហគមន៍ អង្គការកុមារកំព្រាជាច្រើន។
លោកបានបន្តថា «ការចូលរួមរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស គឺជាអត្ថន័យមួយសំខាន់ អត្ថន័យនៅត្រង់ថា ការចុះអនុស្សារណយោគយល់គ្នា រវាងស្ថាប័នទាំងពីរនាពេលនេះបានបង្កើនលទ្ធភាព និងប្រសិទ្ធភាពដល់សមាគម ក្នុងការជួយ និងថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋ នៅតាមគោលដៅនានានៅទូទាំងប្រទេស»។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ គណៈគ្រប់គ្រង ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបានគាំទ្រ និងចូលរួម ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់សេវាសង្គមជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក និងទៅថ្ងៃអនាគត។
លោក សាម ឃុន បានឲ្យដឹងថា ទន្ទឹមនឹងការរីកចម្រើនរបស់ក្រុមហ៊ុន បានចូលរួមកិច្ចការមនុស្សធម៌ នូវសកម្មភាពសង្គមតាម រយៈស្ថាប័នរដ្ឋ ឯកជន អង្គការ សមាគម ក្នុងគោលបំណងចូលរសកម្មភាពសង្គមតាមរយៈស្ថាប័នរដ្ឋ ឯកជនអង្គការ សមាគមក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ។
ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន នឹងចូលរួមឧបត្ថម្ភគាំទ្រលើសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នាពេលកន្លងមក និងដើម្បីឱ្យសមាគមពង្រីកសកម្មភាព របស់ខ្លួនទៅថ្ងៃអនាគតនៅក្នុងប្រទេសកម្ពុជា។
គួបញ្ជាក់ផងថា សកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានការយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងណែនាំឲ្យក្រុមការងាររបស់ សមាគមដើម្បីចុះពិនិត្យ និងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តនានារោងចក្រ សហគមន៍ អង្គការកុមារកំព្រាជាច្រើន ដែលមកដល់ពេលនេះ សមាគមសំរេចបានលទ្ធ នៃការព្យាបាលប្រជាពលរដ្ឋបានប្រមាណ ជិតម៉ឺននាក់ហើយ នៅទូទាំងប្រទេស៕