(ត្បូងឃ្មុំ)៖ ៣ថ្ងៃកន្លងផុតទៅហើយ ដែលរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល បន្តចុះត្រួតពិនិត្យ និងវិភាគស្វែងរក សារធាតុគីមី នៅលើបន្លែផ្លែឈើ និងម្ហូបអារហារ នៅតាមផ្សារ និងច្រកទ្វារព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ដោយចាប់តាំងពីថ្ងៃទី១០ ខែមីនា រហូតដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ មន្ត្រីកាំកុងត្រូលខេត្ត និងរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ចផ្សារ នៅតែបន្តចុះត្រួតពិនិត្យបន្លែផ្លែឈើ ម្ហូបអារហារ មានដូចជា៖ ស្ពៃ ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ញី ទំពាំងបាយជូរ ល្មុត និងជាច្រើនមុខទៀត ដើម្បីវិភាគរកសារធាតុគីមី ហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន នៅផ្សារស្ទឹង ក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ Fresh Newsឲ្យដឹងថា ក្រោយការពិនិត្យ និងវិភាគដោយរថយន្តមន្ទីរពិសោធន៍ចល័តរបស់កាំកុងត្រូល លើបន្លែផ្លែឈើ និងម្ហូបអាហារទាំងនោះ ជាក់ស្តែងគឺពុំបាន ប្រទះឃើញ សារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះឡើយ។
ជាមួយគ្នានេះ មន្រ្តីកាំកុងត្រូលក៏បានអំពាវនាវដល់អាជីវករដែលលក់ ក៏ដូចជានាំចូលបន្លែផ្លែឈើ និងម្ហូបអាហារតាម ច្រកទ្វារព្រំដែនពីប្រទេសជិតខាងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូល ចែកចាយ និងលក់តែទំនិញ ជាផលិតផលម្ហូបអាហារ ដែលមានគុណភាពល្អ ជាពិសេសហាមដាច់ខាតបន្លែផ្លែឈើ និងម្ហូបអារហារណា ផ្ទុកនូវសារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាព អ្នកប្រើប្រាស់នោះឡើយ។
សូមបញ្ជាក់ថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ គឺធ្វើឡើងជាប់ជាប្រចាំទៅតាមការណែនាំ របស់អគ្គនាយកដ្ឋាន កាំកុងត្រូល ជាពិសេសអនុសាសន៍ របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការពង្រឹង និងបង្កើននូវសកម្មភាព ចុះត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារ ជាពិសេសទំនិញនាំចូលតាមច្រកទ្វារព្រំដែនទាំងអស់ទូទាំងប្រទេស អោយដូចភ្លៀងរលឹម ដើម្បីធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ ៕