(កំពត)៖ លោក ឡុង កេសភីរម្យ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងជាប្រធានសាលាដំបូងខេត្តកំពតជំនួស លោក គាំ ឈាន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងចូលកាន់មុខដំណែង និងទទួលត្រារបស់សាលាដំបូងខេត្តកំពតជាផ្លូវការ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ពិធីនេះក៏មានការចូលរួមពីលោក ចាន់ ចេស្តា អភិបាលខេត្តកំពត លោក កែន សត្ថា អភិបាលខេត្តកែប លោកស្រី ប៊ុន្ទីញ ប៊ុណ្ណារី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ព្រមទាំងជួរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ខេត្តកំពត-កែប ថ្នាក់ដឹកនាំមន្ទីរជំវិញខេត្តទាំងពីរ អាជ្ញាធរខេត្ត ស្រុក ក្រុង ខេត្តកំពត-កែប ចៅក្រម ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង លេខាធិការដ្ឋានរដ្ឋបាលតុលាការ និងក្រឡាបញ្ជីសាលាដំបូងខេត្តកំពត និងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខដំណែង៖ លោក ឡុង កេសភីរម្យ អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពត ជំនួសលោក គាំ ឈាន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕