(ពោធិ៍សាត់)៖ កម្លាំងកងរាជអាវុហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយកម្លាំង កងរាជវុធហត្ថផ្ទៃប្រទេស ជាង១០នាក់ដឹកនាំដោយ លោក ឡាយ វិទូ មេបញ្ជាការរងអាវុធហត្ថខេត្ត បានចុះបង្រ្កាបទីតាំងលាក់ទុក និងស្តុកឈើខុសច្បាប់មួយកន្លែង របស់ឈ្មួញដ៏ធំមួយនៅស្រុកភ្នំក្រវាញ រកឃើញគំនរឈើជាច្រើន។
ម្ចាស់ទីតាំងស្តុកឈើនេះត្រូវបានមន្រ្តីអាវុធហត្ថលួចបង្ហើបថា ជាកូនប្រសារបស់លោក ឆេង ឡុង នាយរងសេនាធិការ អាវុធហត្ថខេត្តកំពង់ស្ពឺ មានឈ្មោះ ស៊ី ស ដែលនាយឧត្តមសេនីយ៍ សៅ សុខា កំពុងបញ្ជាឲ្យតាមចាប់ខ្លួនពាក់ព័ន្ធបទល្មើសឈើនេះ។
ប្រតិបត្តិការបង្ក្រាបខាងលើធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះត្រង់ចំណុច(TU៥៩៨៦៥-៥២៦១១) ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់។
កម្លាំងចុះប្រតិបត្តិការខាងលើ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា «ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ យើងបានយកហូតបាន ឈើហ៊ុបប្រភេទធ្ងង់៣៩ដុំ និងរាជកុល២២ដុំ ដែលបច្ចុប្បន្នមិនទាន់បានធ្វើការ វាសវែងនៅឡើយទេ»។
ចំពោះវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្នាក់ការក្រវាញ (កាតាងរាង) ដើម្បីធ្វើការ វាស់វែងនៅពេលក្រោយ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យតាមចាប់ខ្លួនលោក ស៊ី ស ត្រូវជាកូនប្រសារបស់លោក ឆេង ឡុង នាយរង សេនាធិការអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា មានការពាក់ព័ន្ធបទល្មើសព្រៃឈើ។
ជាមួយគ្នានេះ លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរ បន្ទាប់ពីកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបការដឹកជញ្ជូន និងទីតាំងស្តុកឈើ នៅជាប់ផ្ទះវីឡារបស់លោក ដែលជារបស់កូនប្រសា។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីមានការសួរនាំទៅ លោក ឆេង ឡុង មិនទាន់រកឃើញថា មានការជាប់ពាក់ព័ន្ធការរកស៊ីឈើនោះទេ ប៉ុន្តែជាកូនប្រសារបស់លោកទៅវិញទេ មានឈ្មោះស៊ី ស។ យ៉ាងណាក៏ដោយ បើតាមលោក អេង ហ៊ី សម្រាប់លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរចំពោះករណីនេះ តែមិនទាន់ដឹងពីលទ្ធផលនោះទេ។
២ថ្ងៃនេះកម្លាំងអាវុធហត្ថបានចុះទៅបង្ក្រាបទីតាំងស្តុកឈើរបស់ឈ្មោះ ស៊ី ស ស្ថិតនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយរកឃើញឈើយ៉ាងច្រើន៕