(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ នេះបើតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
ធនគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទម្លាក់ការប្រាក់ឥណទានមកម្រិត១៨% ក្នុងមួយឆ្នាំ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅជាកំហិត។
ការកំណត់អត្រាការប្រាក់ខ្ពស់បំផុត១៨% ក្នុងមួយឆ្នាំនេះ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន។
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី១៣ ខែមីនានេះថា ការអនុវត្តន៍អត្រាការប្រាក់ឥណទាន (កម្ចី) មកត្រឹម១៨%ក្នុងមួយឆ្នាំ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា គឺអនុវត្តន៍សម្រាប់តែ អតិថិជនថ្មីតែប៉ុណ្ណោះ, ដោយឡែកសម្រាប់អតិថិជនចាស់គឺរក្សាគោលការណ៍ អត្រាការប្រាក់ដដែល។
តាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលជាអ្នកខ្ចីប្រាក់បានឲ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ បានអនុវត្តន៍អត្រាការប្រាក់ត្រឹមជាង១០% ក្នុងមួយឆ្នាំ ប៉ុន្តែមានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនធំ បានកំណត់អត្រាការប្រាក់រហូត ដល់ជាង៣០% ក្នុងមួយឆ្នាំ ឬ ៣%ក្នុង១ខែ ពិសេសនៅតាមទីជនបទ។ ប៉ុន្តែនៅពេលនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់កម្ចីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ៕