(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុននាំចូលផលិតគ្រឿងក្រអូបម៉ាក «TABITA & Device» មានឈ្មោះថា SOKUN VATANAK TRADING Co.,Ltd នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទកាសែតមួយ ដើម្បីរៀបរាប់លម្អិតចំពោះការចាប់ខ្លួន ប្រធានក្រុមហ៊ុន «សូហ្វីយ៉ា ខូស្មិចទិច» គឺអ្នកស្រី សេក ប៊ុណ្ណាវឿន ដែលបានលួចនាំចូលផលិតផលគ្រឿងក្រអូប ដែលមានម៉ាកខាងលើ មកចែកចាយនៅកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត។
ប្រធានក្រុមហ៊ុន SOKUN VATANAK TRADING Co.,Ltd ដែលបានចុះបញ្ជីសុំផ្តាច់មុខនាំចូលផលិតផលគ្រឿងក្រអូបម៉ាក «TABITA & Device» បានថ្លែងថា តាមពិតទៅបន្ទាប់ពីទទួល បានសិទ្ធិពីក្រសួងពាណិជ្ជកម្មរួចមក ខាងក្រុមហ៊ុនបានជូនដំណឹងដល់ ក្រុមហ៊ុនមួយនេះ និងក្រុមហ៊ុនផ្សេងទៀត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីឲ្យបញ្ឈប់ការនាំចូល និងចែកចាយបន្តទៀត។ ប៉ុន្តែបន្ទាប់ពីមានការជូនដំណឹងរួចមក ប្រធានក្រុមហ៊ុនមួយនេះ មិនបានឈប់នោះទេ ថែមទាំងបន្តធ្វើសកម្មភាពដដែល ដោយគ្មានការខ្លាចញញើតនឹងច្បាប់នោះទេ។
ប្រធានក្រុមហ៊ុនបានបន្តទៀតថា ដោយសារតែពួកគេមិនព្រមសកម្មភាពបញ្ឈប់ការនាំចូល និងចែកចាយនោះ ទើបខាងក្រុមហ៊ុនបានដាក់ពាក្យបណ្តឹង ទៅកាន់នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងដាក់ទៅតុលាការទៀតផងរហូត ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ក៏កម្លាំងនគរបាលចុះបង្ក្រាប និងចាប់ខ្លួនថៅកែក្រុមហ៊ុនតែម្តង។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះទៅ ចាប់ខ្លួនប្រធានក្រុមហ៊ុន «សូហ្វីយ៉ា ខូស្មិចទិច» គឺអ្នកស្រី សេក ប៊ុណ្ណាវឿន អាយុ២៧ឆ្នាំ មានទីតាំងស្ថិតនៅផ្ទះលេខ៤៨ តាមបណ្ដោយ ផ្លូវណតប្រ៊ីដ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីស្រ្តីរូបនេះ បានលួចយកផលិតផលគ្រឿងក្រអូបរបស់ក្រុមហ៊ុមដើម ដែលនាំចូលផ្តាច់មុខមកប្រទេសកម្ពុជា យកទៅលក់ និងចែកចាយដោយគ្មានច្បាប់អនុញ្ញាត។
មន្រ្តីនគរបាល បានឲ្យដឹងថា ប្រតិបត្តិការចុះទៅចាប់ខ្លួនប្រធានក្រុមហ៊ុនរូបនេះ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដោយដកហូត រថយន្តមួយគ្រឿង ម៉ាកឡង់រ៉ូវែរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3332 ព្រមទាំងវត្ថុតាង ជាគ្រឿងក្រអូបជាច្រើនផងដែរ។
មន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានបញ្ជាក់ថា ការចុះទៅឃាត់ខ្លួនស្រ្តីរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន SOKUN VATANAK TRADING Co.,Ltd ដែលបានសុំចុះបញ្ជី និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូលផលិតផលម៉ាក «TABITA & Device» ដោយបានប្តឹងប្រធានក្រុមហ៊ុនមួយនេះ លួចនាំចូលផលិតផលផ្តាច់មុខរបស់ខ្លួនយកមកលក់ និងចែកចាយយ៉ាង ទូលំទូលាយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។
សម្រាប់ស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីចាត់ការបន្តទៀត៕