(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានចាប់ផ្ដើមដាក់ឲ្យដំណើរការលក់ម៉ាស៉ីនត្រជាក់ម៉ាក AERO Series ថ្មី នៅលើទីផ្សារកម្ពុជា ដោយមានក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងមានការគាំទ្រច្រើន ពីសំណាក់អតិថិជន។
ម៉ាស៊ីនត្រជាក់ AERO Series ជាប្រភេទម៉ាស៊ីនត្រជាក់ ព្យូរជញ្ជាំង ម៉ូឌែលចែកតែមួយ (Single-split) និងម៉ូឌែលចែកជាច្រើន (Multi-split) ដែលជាប្រភេទម៉ាស៊ីត្រជាក់ ដែលប្រកបដោយផាសុខភាព មានភាពត្រជាក់ស្រួល មានបន្ទះបិទបើក ដែលអាចតម្រង់ទិសខ្យល់ត្រជាក់ ទៅរកពិដាន និងធ្វើឲ្យខ្យល់ត្រជាក់ សាយភាយពេញបន្ទប់។
លោក Hidehiko kondo នាយកគ្រប់គ្រងក្រុមហ៊ុន Panasonic បានថ្លែងឲ្យដឹងថា សម្រាប់ម៉ាស៊ីន AERO Series មានលក្ខណៈពិសេស ប្រកបដោយផាសុខភាព និងភាពត្រជាក់ខ្លាំង។
លោកថា កាលពីឆ្នាំមុនម៉ាស៊ីនត្រជាក់ម៉ាក Panasonic នេះមានការគាំទ្រខ្លាំង លក់បានរហូតដល់៦ពាន់គ្រឿងក្នុង១ខែ ហើយសម្រាប់ ម៉ាស៊ីនត្រជាក់ម៉ាក់ថ្មីនេះ យើងនៅតែសង្ឃឹមថា មានការគាំទ្រខ្លាំងដូចម៉ាស៊ីនត្រជាក់មុនៗដែល។
លោកបានបន្ដថា «យើងនឹងខិតខំស្រាវជ្រាវ រកបច្ចេកវិទ្យាថ្មីៗ ជាបន្ដបន្ទាប់ដើម្បីបំពេញតាមតម្រូវការ របស់អតិថិជន ដែលកំពុងមានការ កើនឡើង សម្រាប់ម៉ាស៊ីនត្រជាក់ ដែលមានភាពងាយស្រួលប្រើប្រាស់ រចនាម៉ូដបានល្អ និងមានតម្លៃសមរម្យ។ ម៉ាស៊ីនត្រជាក់ប្រភេទ SKY series និង AERO series អាចជួយឲ្យអតិថិជន គ្រប់គ្រង់ខ្យល់បក់ បានកាន់តែប្រសើរជាងមុន ដើម្បីធ្វើឲ្យកន្លែងរស់នៅកាន់តែ មានភាពទាក់ទាញ និងគួរឲ្យចង់រស់នៅ»។
សូមបញ្ជាក់ថា ម៉ាស៊ីនត្រជាក់ ម៉ាក AERO series ជាប្រភេទម៉ាស៊ីនត្រជាក់ ដែលផ្ដល់ជូននូវការគ្រប់គ្រងខ្យល់បក់ ដែលអាចបត់បែនបានទាំងស្រុង នៅកម្រិតភាពត្រជាក់, ការរចនាម៉ូដពណ៌ថ្លាដូចគុជខ្យង, មានកម្រាសស្ដើងជាងមុនរហូតដល់៣៧មីលីម៉ែត្រ អនុភាពត្រជាក់ រួមបញ្ជូលនូវបច្ចេកវិទ្យា P-Tech សម្រាប់ជួយឲ្យត្រជាក់បានឆាប់រហ័ស៕