(ព្រះសីហនុ)៖ គួរឲ្យអាណិតណាស់! សពក្មេងស្រីម្នាក់ត្រូវបានប្រជាពលរដ្ឋ ឃើញរុំនឹងកំរាលពូកបោះចោលនៅ ក្នុងប្រឡាយទឹក ជាប់បណ្តោយផ្លូវកៅស៊ូ ពីអាឡាំងឌឺឡុង ឆ្ពោះទៅអូរត្រេះស្ថិតក្នុងក្រុម០៣ ភូមិ០៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលសង្ស័យថា ជាករណីរំលោភហើយសម្លាប់ចោល នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
ក្រោយទទួលបានព័ត៌មានខាងលើនេះ កម្លាំងសមត្ថកិច្ចសហការជាមួយជំនាញបច្ចេកវិទ្យាសាស្ត្រ និងមានការចូលរួមពីលោក វេជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិ ចុះត្រួតពិនិត្យសាកសព។ ជាក់ស្តែងឃើញថា សាកសពភេទស្រី អាយុប្រហែល១៥-១៦ឆ្នាំ មានសភាព ហើម ស្អុយ មានដង្កូវ ប្រដាប់ភេទដាច់រយ៉ះ និងមានកន្សែងពោះគោពណ៌ខៀវចងរឹតកផងដែរ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ និងលោកវិជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិ ក្មេងស្រីរងគ្រោះស្លាប់ដោយ ករណីឃាតកម្ម រំលោភ រួចសម្លាប់ នៅទីតាំងផ្សេងហើយយកមកផ្លុងចោលចំណុចខាងលើប្រហែលពី ០៣-០៤ថ្ងៃហើយ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងសហការគ្នាធ្វើការស្រាវជ្រាវ រកមុខជនល្មើសឲ្យមកទទួលទោសតាមច្បាប់៕