(សៀបរាម)៖ ហ្វូងដង្កូវជាច្រើនបាននិងកំពុងរាតត្បាតបំផ្លាញដើមរុក្ខជាតិរបស់អ្នកភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយពួកវាបានឡើងស៊ីស្លឹកត្នោត ស្លឹកដូង និងដំណាំមួយចំនួនទៀត បង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋមូលដ្ឋាន។ អ្នកជំនាញហៅជំងឺនេះថា ជំងឺក្រាភ្លើង តែងកើតមាននៅរដូវក្តៅ។
អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រាប់ប្រជាពលរដ្ឋកុំឲ្យបារម្ភពីបញ្ហានេះ ព្រោះថាដង្កូវនោះ គ្រាន់តែស៊ីស្លឹកតែប៉ុណ្ណោះទេ មិនបង្កឲ្យដើមរុក្ខជាតិងាប់ឡើយ ហើយថែមទាំងប្រាប់ពីវិធីដើម្បីទប់ស្កាត់ ការរាតត្បាតជំងឺដង្កូវចោះនេះផងដែរ។
លោក សួន គង់សុភារិទ្ធ បុគ្គលិកផ្នែកដាំឈើបានឲ្យដឹងថា ជាជំហានដំបូងគេអាចទប់ស្កាត់ជំងឺខាងលើនេះ ដោយការកាត់មែកដែលដង្កូវស៊ីចេញ និងប្រមូលដុតចោល ដើម្បីបង្ការពីការរាតត្បាត ដោយសារការបង្កកំណើតរបស់ហ្វូងដង្កូវ។
តាមការបញ្ជាក់របស់ លោក គង់សុភារិទ្ធ អាជ្ញាធរជាតិអប្សរាក៏អាចប្រើថ្នាំគីមីពុល ដើម្បីកំចាត់ហ្វូងដង្កូវនេះបានដែរ និងវិធានការមួយទៀត គឺការផ្សំថ្នាំបុរាណ ដោយយកថ្នាំជក់លាយជាមួយសំបកស្លែង រួចបាញ់ស្លឹក ឬដើមដែលដង្កូវចោះនោះ។
តាមការចុះស្រាវជ្រាវ និងសួរប្រជាពលរដ្ឋ គេបានរកឃើញថា បញ្ហានេះបានកើតឡើងរយៈពេល ២ឆ្នាំទៅ៣ឆ្នាំហើយ ប៉ុន្តែវាមិនច្រើនដូចឆ្នាំនេះ។ តំបន់ដែលមានបញ្ហាដង្កូវចោះស៊ីស្លឹកដើមឈើច្រើនជាងគេ គឺនៅភូមិក្រវ៉ាន់ និងភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប។ អ្នកជំនាញពន្យល់ថា «ដង្កូវបានចោះស៊ីធាងដូង ខ្លាំងជាងដើមត្នោត ដោយសារមិនសូវធន់នោះ ធ្វើឲ្យដើមដូងមួយចំនួនតូច បានងាប់ដោយសារជំងឺនេះផងដែរ»។
លោក គង់សុភារិទ្ធ បានបន្ថែមថា «ដើមត្នោតធន់ជាងដើមដូង តាមការចុះត្រួតពិនិត្យ ឃើញថាមានដើមដូងខ្លះបានងាប់ ដោយសារដង្កូវស៊ីខ្លាំងពេក ដំណោះស្រាយ យើងត្រូវរួសរាន់ កាត់មែកដែលដង្កូវស៊ីនោះចេញ និងប្រមូលដុតភ្លាម ជៀសវាងកុំឲ្យវារាតត្បាតតទៅទៀត»។
ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក និន ចាន់សាមៀន បានពន្យល់ពីបាតុភូតនេះផងដែរថា វាមិនមានអ្វីដែលគួរឲ្យបារម្ភនោះទេ ដោយគាត់បានពន្យល់យ៉ាងដូច្នេះថា «គេគ្រាន់តែកាត់មែកភ្លាមៗ យកទៅដុតចោល នោះពងដង្កូវនឹងងាប់អស់។ ដើមដែលដង្កូវស៊ីអស់ គឺវានឹងលាស់ស្លឹកថ្មីវិញ វាអត់ងាប់ទេ ដូច្នេះសូមប្រជាពលរដ្ឋកុំបារម្ភ នៅពេលដង្កូវវាក្លាយជាមេអំបៅ ហើយមេអំបៅនោះ នឹងហើរចេញពីកន្លែងនោះ លែងមានអ្វីកើតឡើងទៀតហើយ»៕