(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានសម្តែងការតូចចិត្តចំពោះរបាយការណ៍ការិយាល័យឧត្ដមស្នងការ និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនាថ្មីៗនេះ ដែលបានរិះគន់កម្ពុជាថា ជាប្រទេសរំលោភសិទ្ធិមនុស្ស។ លោកបានអះអាងថា បញ្ហាសិទ្ធិមនុស្ស នៅប្រទេសតូចតាច គេមើលឃើញណាស់, នៅសហរដ្ឋអាមេរិក បង្រ្កាបបាតុករយ៉ាងឃោរឃៅ គេមើលមិនឃើញនោះទេ។
លោក សុខ ឥសាន បានបញ្ជាក់បែបនេះថា «នៅប្រទេសតូចតាច គេមើលឃើញណាស់។ តែបើនៅប្រទេសធំ ខ្លាំង គេមើមិនឃើញទេ ជាក់ស្តែង នៅអាមេរិក ដែលមានការវាយបង្ក្រាបឃោរឃៅ គេមិននិយាយដល់ទេ នៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ទោះទំលាក់គ្រាប់បែកស្លាប់មនុស្ស ស្ត្រី និងកុមារប៉ុន្មាន ក៏មិនលឺនិយាយពីសិទ្ធិមនុស្សដែរ។ អាកប្បកិរិយាបែបនេះហើយបានជាស្ថានភាពសិទ្ធិមនុស្ស អាស្រ័យលើមាត់មនុស្សអ្នកថា តែប៉ុណ្ណោះ រកយុត្តិធ៌មមិនឃើញទេ»។
កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ការិយាល័យឧត្ដមស្នងការ និងអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងអំពីរបាយការណ៍ផ្ទាល់មាត់មួយ ដោយបានរិះគន់ និងសម្តែងការព្រួយបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ភ្លាមៗបន្ទាប់ពីមានការរិះគន់នេះ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា របាយការណ៍របស់អង្គការនេះ មើលឃើញតែជ្រុង មួយរបស់កម្ពុជាប៉ុណ្ណោះ។ លោក ណី សំអុល បានបញ្ជាក់ថាបញ្ហាសិទ្ធិមនុស្សតែងតែក្លាយជាឧបករណ៍ សម្រាប់បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅពេលដែលមានការបោះឆ្នោតម្តងៗ។
លោក សុខ ឥសាន តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងបន្ថែមថា ករណីដែលអង្គការអន្តរជាតិនេះ រិះគន់ដល់កម្ពុជា ដោយសារតែមានការលាបពណ៌ មួលបង្កាច់របស់ក្រុមអ្នកប្រឆាំងមួយចំនួន នៅក្នុងនិងក្រៅប្រទេស។
លោកបានថ្លែងថា «ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ មជ្ឈដ្ឋានប្រឆាំងបានប្រើគ្រប់មធ្យោបាយ និងគ្រប់រូបភាព ឃោសនាមួលបង្កាច់សភាពការណ៍ពិតនៅកម្ពុជា ក្នុងចេតនា បន្ទាបបន្ថោកឥទ្ធិពលដឹកនាំ និងប្រជាប្រីយភាពរបស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ដែលជាមុខសញ្ញាប្រឆាំងរបស់ពួកគេ ដេីម្បីជួយគណបក្សប្រឆាំង ជាអាយ៉ងរបស់គេ»។
លោកបានបន្ថែមថា «មជ្ឈដ្ឋានប្រឆាំងក្នុង និងក្រៅប្រទេស សុទ្ធតែបានធ្វើសកម្មភាពព្រមៗគ្នា វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បំភាន់មតិជាតិ និង អន្តរជាតិ រឿងមិនកើត គេបង្កើតឲ្យមាន រឿងតូចគេពង្រីកឲ្យធំ។ ហេតុនេះហើយបានជានៅលើ វេរទិការខាងក្រៅ ការិយាល័យឧត្តមស្នងការ និងអគ្គលេខាធិការទទួលសិទ្ធិមនុស្ស អ.ស.ប បានជ្រើសរើសយកតែចំណុចមួយជ្រុង តូចមកលាប ពណ៌អវិជ្ជមានចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលផ្ទុយពីការពិតជាក់ស្តែង មើលរំលងនូវការវិវត្តិនិងការតាំងចិត្តដ៏សុចរិតរបស់ រាជរដ្ឋាភិបាលក្នុងការពារ និងលើកស្ទួយសិទ្ធិមនុស្សមានជាអាទិ បន្តអនុស្សារណៈយោគយល់គ្នារវាងរាជរដ្ឋាភិបាល និង ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរយៈពេល២ ឆ្នាំទៀត»។
កាលពីម្សិលមិញនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ របស់ការិយាល័យឧត្ដមស្នងការ និងអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនេះផងដែរ។ លោកចាត់ទុកថា ការលើកឡើងរបស់ការិយាល័យឧត្ដមស្នងការ និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ផ្អែកលើរបស់ របាយការណ៍មិនត្រឹមត្រូវ ហើយមិនបានឆ្លុះបញ្ចាំងអំពីរបាយការណ៍ពិត នៅកម្ពុជា៕