(កណ្ដាល)៖ ពិធីបុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជន ប្រកាសបិទជាផ្លូវការហើយ នាល្ងាចមិញនេះ បន្ទាប់ពីបានដំណើរការ រយៈពេល៣ជាប់ៗគ្នា នៅលើទឹកដីឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពីធីនេះប្រារព្វឡើង ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
បើតាមលោកឧកញ៉ា ស្រី ចាន់ថន ដែលជាប្រធានក្រុមការងាររៀបចំ កម្មវិធីបុណ្យនេះបានបញ្ជាក់ថា គោលបំណង៣សំខានៗរួមមាន៖
ទី១. លើកដម្កើង និងថែរក្សាសម្បត្តិ វប្បធម៌ល្ខោនខ្មែរ ដែលជាសម្បត្តិវប្បធម៌ជាតិរបស់ខ្មែរយើងទាំងមូល ក្នុងនោះមានការសម្ដែងនូវទម្រង់ល្ខោននានារួមមាន ល្ខោនយីកេ និងល្ខោនបាសាក់ជាដើម។
ទី២. ជម្រុញយុវជនឲ្យចេះស្រឡាញ់វប្បធម៌ និងទេសចរណ៍ ដោយធ្វើអោយតំបន់វិហារសួគ៌ ក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ ក្នុងខេត្តកណ្ដាល។
ទី៣. ជម្រុញឲ្យយុវជន ចូលរួមយ៉ាងសកម្មលើវិស័យកីឡា ដែលផលិតផលទេសចរណ៍មួយ ដែលបានចូលរួមចំណែកលើកកម្ពស់សុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន ដោយរួមបញ្ចូលនូវកម្មវិធីកីឡាជាប្រភេទសម្រាប់កុមារ និងយុវជនចូលរួមប្រកួតប្រជែង។
លោកបន្តថា ដោយផ្សារភ្ជាប់ជាមួយនឹងពាក្យថា កីឡាយុវជន កម្មវិធីក៏បានជម្រុញឲ្យមានការចូលរួមពីយុវជន មកពីបណ្ដាស្រុកនានានៅក្នុងខេត្ត ដើម្បីបានចូលរួមប្រកួតប្រជែង ដណ្ដើមពានរង្វាន់ និងទឹកប្រាក់មួយចំនួន ទៅលើកីឡាជាច្រើនប្រភេទ ដែលនេះជាផ្នែកមួយចូលរួម កាត់បន្ថយការប្រើប្រាស់គ្រឿងញៀន នៅតាមសហគម។
លោកបន្តថា ក្រៅពីនេះគណៈកម្មការបុណ្យ ក៏មានរៀបចំជាប្រកួតកីឡា ដែលជាអត្តសញ្ញាណប្រពៃណី របស់អ្នកស្រុកវិហារសួគ៌ផងដែរ ដូចជា បោកចំបាប់ និងប្រណាំងក្របី និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។
ម្ចាស់តំបន់អភិវឌ្ឍន៍ ស្កាយលែន វិហារសួគ៌រូបនេះ បញ្ជាក់ថា ពិធីបុណ្យដ៏ធំមួយនេះ ទទួលបានលទ្ធផលផ្លែផ្កាគួរកត់សម្គាល់ ពោលគឺមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមទស្សនា ទាំងកីឡាប្រដាល់ ការប្រគំតន្រ្តី និងទស្សនីយភាពល្ខោនខ្មែរដូចជា ល្ខោនយីកេ និងល្ខោនបាសាក់ជាដើម។ ទោះបីជាយ៉ាងណា លោកឧកញ៉ារូបនេះបញ្ជាក់ថា រាល់កម្មវិធីដែលលោក និងក្រុមការងារបានរៀបចំឡើង ហើយបង្ករលក្ខណៈឲ្យបងប្អូន ប្រជាពលរដ្ឋបានចូលរួមរាប់ម៉ឺននាក់ដូច្នេះ គឺមិនអាចកាត់ផ្ដាច់បានពីសន្តិភាពនោះទេ។ មានសន្ដិភាព គឺយើងអាចមានឱកាសសប្បាយរីករាយ និងអាចធ្វើដំណើរជិតឆ្ងាយ ដោយសេរីភាពផ្ទាល់ មិនបាច់ព្រួយបារម្ភពីសុវត្ថិភាពនោះឡើយ។ ប៉ុន្តែអ្វីដែលបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ននោះ គឺពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតករស្របច្បាប់ ឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងរបាយកាណ៍នេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះបុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជន នៅតំបន់ខាងលើ ព្រោះជាការលើកស្ទួយសិល្បៈមរតកដូនតា ក៏ដូចជាប្រពៃណីជាតិផងដែរ ហើយក៏បានជម្រុញចលនាយុវជនអោយស្គាល់តម្លៃកីឡា ព្រោះកីឡាជាផលិតផលកីឡាមួយសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ លោក ជម្រុញឲ្យមានការបង្កើតព្រឹត្តិការណ៍ ដ៏ធំបែបនេះនៅឆ្នាំបន្តបន្ទាប់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់តំបន់នេះ ព្រោះវិស័យទេសចរណ៍ ត្រូវបានចាត់ទុកថា ជាមាសបៃតង ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត តំបន់វិហារសួគ៌ ក៏បានបង្កើតការងារសម្រាប់ ប្រជាពលរដ្ឋប្រមាណជាង៥ម៉ឺននាក់ រួចហើយដែរ៕