(ប៉ៃលិន)៖ សមត្ថកិច្ចបាននាំគ្នាផ្អើលរត់ទៅកាន់ផ្ទះ កើតហេតុដើម្បីបង្ក្រាបភ្លាមៗក្រោយ ទទួលបានដំណឹងពី អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេងស្រីដើម្បីនាំចេញទៅក្រៅប្រទេស តែពេលសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ បែរជារឿងផ្សេង មិនមានករណីបង្ខាំងមនុស្សដូចបណ្ដឹង នោះឡើយតាមពិតវាជារឿងស្ត្រីវ័យក្មេង ម្នាក់សុខចិត្តទៅធ្វើប្រពន្ធចុងគេដោយរស់នៅក្រោមដំបូលផ្ទះជាមួយប្រពន្ធដើមដោយសុខសាន្ត។
ហេតុការណ៏នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតនៅចំណុចភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនគឺលំនៅឋានរបស់ឈ្មោះហ៊ីវ វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។តាមមន្ត្រីនគរបាលខេត្តប៉ៃលិនបានអោយដឹងថា នៅមុនពេលកើតហេតុគឺមាន សេចក្ដីរាយការណ៏ពីលោកពេញ វិបុល អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ទរណ៏ថាមានករណីបង្ខាំងក្មេងស្រីអាយុ១៦ឆ្នាំដើម្បីទុកនាំចេញដោយលោកអគ្គព្រះរាជអាជ្ញា អះអាងថាលោកទទួលបានបណ្ដឹងពីស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះ។លុះពេលកម្លាំងជំនាញចុះទៅដល់ បានជួបនារីចំនួនពីរនាក់ ម្នាក់ឈ្មោះ លន់ និមល ភេទស្រី អាយុ ២០ឆ្នាំ (ជនសង្ស័យរងគ្រោះ) និងឈ្មោះ ជុំ ចន្ទ្រា ភេទស្រី អាយុ២៨ឆ្នាំ (ប្រពន្ធដើម) រួចក៏បានធ្វើការសាកសួរទៅលើនារីឈ្មោះ លន់ និមល នៅនឹងកន្លែងកើតហេតុ។
តាមចម្លើយ គឺពុំមានករណីចាប់បង្ខាំងមនុស្សដូចពាក្យម្តាយរបស់នាង(លន់ និមល)បានប្តឹងទៅអគ្គព្រះរាជអាជ្ញារង នៃសាលាឧទ្ធរណ៍នោះទេ គឺរូបនាងបានស្រឡាញ់គ្នា និងរស់នៅជាមួយបុរសឈ្មោះហុីវ វណ្ណាដែលមាន
ប្រពន្ធឈ្មោះជុំ ចន្ទ្រា អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ពុំមាននរណាចាប់បង្ខាំងរូបនាងទុកនោះឡើយ ហើយហេតុការណ៍ខាងលើនេះកើតឡើងដោយសារ តែម្តាយរបស់នាងបានខឹងសម្បានឹងរូបនាង
ដោយមូលហេតុហៅនាងត្រឡប់ទៅផ្ទះវិញ តែនាងពុំព្រមទៅ និងព្រមនៅធ្វើជាប្រពន្ធចុងបុរសឈ្មោះហុីវ វណ្ណាទៀត។
បច្ចុប្បន្ននារីឈ្មោះលន់ និមល់ បានរស់នៅជាមួយប្តី និងប្រពន្ធដើមរបស់គេនៅក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្ត ស្ថិតក្នុងភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពុំមានបញ្ហាអ្វីឡើយ៕