(កំពង់ឆ្នាំង)៖ គ្រាប់បែកទំលាក់ពីយន្តហោះអាមេរិកប្រភេទ MK2 ចំនួន២គ្រាប់ សិ្ថតពីទីតាំងចំងាយពីគ្នាប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុង បឹងទន្លេសាប នៃភូមិ-ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងត្រូវបាន CMAC ដោះបន្សាបប្រកបដោយសុវតិ្ថភាព និងបានដឹក ជញ្ជូនមករក្សាទុក នៅសាលាហ្វឹកហ្វឺន របស់ CMAC នៅទីរួមខេត្តកំពង់ឆ្នាំងហើយ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នេះបើតាម ការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយក CMAC។
ជាមួយគ្នានេះ លោក ហេង រតនា សូមសំដែងនូវការអរគុណ ចំពោះប្រជានេសាទ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការ រាយការណ៍ ទីតាំងគ្រាប់បែកនេះ ដើម្បីបោសសំអាត និងបញ្ចៀសបានការគំរាមកំហែង ដល់អាយុជីវិតកូនចៅ ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព និងសន្តិសុខជាតិយើង។
អគ្គនាយក CMAC រូបនេះ បានលើកឡើងថា បញ្ហាលំបាករបស់យើងគឺថា លុយអាមេរិកដែលថា ខែ្មរជំពាក់សម័យសង្គ្រាមកំពុងកើត កូនពូនជាចៅ ដោយកើនឡើង ពីប្រមាណ២៧៤លានដុល្លារក្នុងឆ្នាំ១៩៧៣ មកដល់៦៦២លានដុល្លារក្នុងឆ្នាំ២០១៧ ហើយចំនួននឹង ហក់ឡើងកាន់តែច្រើន ឡើងកាន់តែឆាប់រហ័ស។
លោកបន្ថែមទៀតថា ដោយសារមូលហេតុ លុយជំពាក់ពីសង្គ្រាមនេះ ក៏មានលក្ខខណ្ឌ និងគំនាបខាងសេដ្ឋកិច្ច ជាមួយធនាគារធំៗ ដែលជា ផ្នែកមួយរួមចំណែក គាបសង្កត់លើកម្ពុជា ក្នុងការរើបំរាស់ខ្លួន ពីភាពឈឺចាប់ខ្លោចផ្សា ភាពក្រីក្រ និងភាពភ័យខ្លាចដែលជា មូលដ្ឋានសិទ្ធិមនុស្សយ៉ាងសំខាន់។
លោក ហេង រតនា បានបញ្ជាក់ទៀតថា គ្រាប់បែកទាំងនេះ នៅតែជាឧបសគ្គយ៉ាងធ្ងន់ធ្ងររាំងស្ទះដល់ការអភិវឌ្ឍន៍ ហើយគ្រាប់បែក ទាំងនេះក៏នៅតែជាសត្រូវនិងឃាតករ យ៉ាងកាចសាហាវ ដែលអាចបន្តសំលាប់កូនខែ្មរបានគ្រប់ពេលវេលា!។ សភាពការណ៍បែបនេះ គួរតែហៅថា «បងធំកើនលុយ រីឯអូនតូចកើនការភ័យខ្លាច សោកនាដកម្ម និងរងគ្រោះដល់អាយុជីវិត!»។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយ ផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕