(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងការរៀបចំកម្មវិធី «ប្រឡងជ្រើសរើសសម្រស់ ឯកវាយនភណ្ឌឆ្នាំ២០១៧» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា និងដើម្បីលើកកម្ពស់តម្លៃការងាររបស់ កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ការចែក និងទទួលពាក្យ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការងារ ឬនៅមន្ទីរការងាររាជធានី-ខេត្តទាំង២៥ ឬអាចទាញចេញពីគេហទំព័រ www.mlvt.gov.kh ឬ www.facebook.com/mlvt.gov.kh/ ។
ចំណែកលក្ខណៈសម្បត្តិសម្រាប់បេក្ខជន-បេក្ខនារីវិញ ត្រូវជាកម្មករ-កម្មការិនី ដែលកំពុងធ្វើការងារយ៉ាងតិចបីខែ ក្នុងរោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ព្រមទាំងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ សម្រាប់បេក្ខជន ត្រូវមានកម្ពស់ចាប់ពី ១.៦២ម៉ែត្រឡើងនិងសម្រាប់ បេក្ខនារី ត្រូវមានកម្ពស់ចាប់ពី១.៥៨ម៉ែត្រឡើង។ បេក្ខជនទាំងពីរភេទត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌ លើកទី៣នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងស្ថានីយទូរទស្សន៍ ETV។
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដូចខាងក្រោម៖