(ស្ទឹងត្រែង)៖ អ្នកបើករថយន្តធន់ធំដឹកដំឡូងជាច្រើនគ្រឿង បានប្រមូលផ្តុំគ្នាតវ៉ានៅចំណុចជញ្ជីងថ្លឹងអូរពង់មាន់ តាមផ្លូវជាតិលេខ៧៨A ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយពួកគេចោទមន្រ្តីនៅកន្លែងជញ្ជីងថ្លឹង មិនដោះស្រាយជូន រឿងដឹកលើសទម្ងន់ ព្រមទាំងបានយករថយន្ត មកចតតាមដងផ្លូវបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមួយព្រឹកធំផងដែរ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា មូលហេតុដែលនាំអ្នកបើករថយន្តធន់ធំទាំងនោះ យករថយន្តទៅចតតាមដងផ្លូវ ព្រោងព្រាតនោះ ដោយសារតែពួកគេខឹងមន្រ្តីជញ្ជីងថ្លឹង បានឃាត់រថយន្តរបស់ពួកគេតាំងពីម៉ោង៧៖៣០នាទីយប់ថ្ងៃ១២ ខែមីនា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី១៣ម៉ោង១០៖៥០នាទីនេះ ហើយនៅមិនទាន់ដោះស្រាយបាននៅឡើយទេ។
អ្នកបើករថយន្តបានប្រាប់ឲ្យដឹងថា ពួកគាត់ពិតជាបានដឹកលើសទម្ងន់មែន ហើយពួកគាត់សុំឲ្យមានការយោគយល់ម្ដង ព្រោះបើមិនដាក់លើសបន្តិចបន្តូចទេ មិនរួចថ្លៃសាំង ថ្លៃសេវាបង់ច្រកទេ។ ពួកគាត់បានបន្តទៀតថា «ព្រោះតែតម្លៃដំឡូងចុះ
ថ្លៃ ហើយបើដាក់តាមកាកំណត់របស់រដ្ឋវិញនោះ សូម្បីតែថ្លៃហូបចុកក៏មិនគ្រប់ផង»។
យ៉ាងណាក៏ដោយ លោក ប្រាក់ សុភ័ណ្ឌ ប្រធានស្នាក់ការជញ្ជីងថ្លឹងរថយន្ត បានឲ្យដឹងថា លោកធ្វើតែតាមច្បាប់កំណត់ នៃការដឹកជញ្ជូនប៉ុណ្ណោះ ប្រសិនបើលើសទម្ងន់ គឺធ្វើការផាកពិន័យទៅតាមច្បាប់កំណត់ ហើយប្រសិនបើមិនលើសទេ លោកនឹងអនុញ្ញាតឲ្យទៅជាធម្មតា។
លោក ប្រាក់ សុភ័ណ្ឌ បានបន្ថែមថា «រាល់ឡានដែលដឹកលើសទម្ងន់នៅពេលនេះ យើងអនុគ្រោះឲ្យចំនួន៣តោន ហើយបើ លើសពីនេះយើងធ្វើការផាកពិន័យជាធម្មតាហើយ»។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នះថា តាមពិតការមានការតវ៉ាមែន ប៉ុន្តែមិនមានការបិតផ្លូវនោះទេ ហើយឥឡូវនេះបានដោះស្រាយចប់រួចរាល់។
លោកថា តាមរយៈការដោះស្រាយចំពោះការតវ៉ាខាងលើនេះ មន្រ្តីពាក់ព័ន្ធបានយល់ព្រមមានការយោគយល់ថា បើសិនដឹកក្រោម៤តោនចុះ នឹងអនុញ្ញាតឲ្យធ្វើដំណើរទៅមុខជាធម្មតា តែបើកសើសនឹងធ្វើតាមច្បាប់ហើយ៕