(ហាណូយ)៖ ប្រទេសវៀតណាម បានចេញសេចក្តីអំពាវនាវយ៉ាងទទូចមួយនៅថ្ងៃចន្ទនេះ ដោយទាមទារឲ្យប្រទេសចិនបញ្ឈប់ការបញ្ជូននាវាទេសចរណ៍ធំៗរបស់ខ្លួន មកកាន់ដែនសមុទ្រចិនខាងត្បូងតទៅទៀត ខណៈដែលមានការចោទថាប្រទេសចិនកំពុងតែបង្កើននូវការអះអាងបន្ថែមទៀត ចំពោះអធិបតេយ្យភាពនៃផ្លូវទឹកជាយុទ្ធសាស្ត្រ។ នេះបើតាមការដកស្រង់ការផ្សាយដោយ Channel News Asia នារសៀល ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
ការទាមទាររបស់វៀតណាមខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមាននាវាទេសចរណ៍ខ្នាតធំមួយដឹកភ្ញៀវទេសចរជាង ៣០០នាក់ មកទស្សនកិច្ចនៅប្រជុំកោះ Paracel នៅតំបន់សមុទ្រចិនខាងត្បូង កាលពីដើខែមីនា កន្លងទៅនេះ។ «វៀតណាមជំទាស់យ៉ាងខ្លំាងនឹងសកម្មភាពបែបនេះ និងស្នើឱ្យចិន គោរពដែនអធិបតេយ្យភាពរបស់វៀតណាម នៅលើទីប្រជុំកោះ Paracel ក៏ដូចជាគោរពតាមច្បាប់អន្តរជាតិ ព្រមទំាងបញ្ឈប់ជាបន្ទាន់ការធ្វើសកម្មភាពច្រំដែលរបៀបនេះតទៅទៀត ព្រោះថាវារំលោភយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពវៀតណាម លើទីប្រជុំកោះ Paracel និងច្បាប់អន្តរជាតិ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh។
គួរបញ្ជាក់ថាមួយចំនួនជា ចិន វៀតណាម តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន សុទ្ធតែអះអាងរៀងៗខ្លួនពីដែនអធិបតេយ្យភាព នៅលើតំបន់សមុទ្រចិនខាងត្បូង ជាទីដែលមានទំហំពាណិជ្ជកម្មឆ្លងកាត់ ៥ពាន់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕