(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់យុវសិស្សជំនាន់ថ្មីថា បច្ចុប្បន្ន កម្ពុជាមានសន្តិភាព មានស្ថិរភាពពេញលេញ យុវជនមានឱកាសសិក្សារៀនសូត្របានជ្រៅជ្រះ និងទទួលបានការងារល្អៗពេញចិត្ត តែបើមានសម័យសង្គ្រាមវិញ កុំថាឡើយឱកាសរៀនសូត្រ សូម្បីតែឱកាសរស់រានក៏រកមិនបានផង។
ការរំឭកនូវសោកនាដកម្ម និងដាស់តឿនបែបនេះ ត្រូវបានលើកឡើងក្នុងពិធី ប្រគល់វិញ្ញាបនបត្រថ្នាក់វិជ្ជាជីវៈ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ជូនដល់សិក្ខាកាម-និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានជាតិអប់រំ ដែលមានសាមណសិស្ស-និស្សិត និងសិក្ខាកាមចំនួន១,១៧២អង្គ/នាក់។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា «បើប្រៀបធៀបនឹងយុវជនសម័យមុន (សម័យសង្គ្រាម) ប្រហែលជាគ្មានឱកាសដូចយុវជនសម័យនេះនោះទេ។ ខ្ញុំ និងយុវជនគ្រប់គ្នា ដែលមានអាយុប្រហាក់ប្រហែលខ្ញុំ ពិតជាមិនសូវមានឱកាសរៀនបានស្រួលទេ ព្រោះកាលណោះ ស្ថានភាពប្រទេសជាតិ ស្ថានភាពនយោបាយ មិនអំណោយផល ហើយវាមិនបានផ្តល់ឱកាសឲ្យយុវជនរៀនសូត្របាន»។
លោករដ្ឋមន្ត្រី បានបន្តថា ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សែនខ្លោចផ្សារបំផុត យុវជនគ្មានឱកាសបានសិក្សារៀនសូត្រ ធនធានមនុស្ស បណ្ឌិត បញ្ញាវ័ន្ត ត្រូវគេសម្លាប់ កុមារត្រូវគេបណ្ដុះឲ្យមានចិត្តកាចសាហាវឃោឃៅ សូម្បីតែឪពុកម្ដាយឯង ក៏ហ៊ានសម្លាប់ដែរ តាមទ្រឹស្ដីរបស់អង្គការ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកថា «កុំថាឡើយឱកាសរៀនសូត្រ សូម្បីឱកាសរស់រាន ក៏រកមិនបានផង»។
លោកបានពន្យល់ថា សម័យបច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ សង្គមមានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពធូរធា កិត្យានុភាពជាតិកម្ពុជា មានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ហេតុនេះហើយ យុវជនកម្ពុជាក៏មានឱកាសច្រើនណាស់ដែរ ក្នុងការពង្រីកចំណេះដឹងរបស់ខ្លួន ចាប់យកឱកាសការងារល្អៗ មានសិទ្ធិសេរីភាពសព្វគ្រប់បែបយ៉ាង ហើយចំណេះដឹងរបស់ជនជាតិខ្មែរ ក៏មិនអន់ជាងជនជាតិដទៃប៉ុន្មានដែរ ព្រោះត្រូវបានសហគមន៍បរទេស លើកឡើងពីការកោតសរសើរសមត្ថភាពជាតិសាសន៍ខ្មែរ ជាបន្តបន្ទាប់។
តែលោក អ៉ិត សំហេង បានរិះគន់លើបុគ្គលមួយចំនួនថា «ជួនកាលសាម៉ីខ្លួនរបស់យើង រស់នៅក្នុងសុខសន្តិភាពហើយ គិតថា វាមិនមានតម្លៃ ប៉ុន្តែប្រសិនបើយើងមិនបានប្រយ័ត្ន ហើយធ្វើឲ្យសន្តិភាពបាត់បង់ទៅវិញ ធ្វើឲ្យស្ថានភាពធ្លាក់ចូលក្នុងភ្លើង ទោះជាស្តាយក្រោយ ក៏មិនដឹងធ្វើយ៉ាងម៉េចដែរ»។
លោករដ្ឋមន្រ្តីក៏បានរំឭកដែរ អំពីព្រឹត្តិការណ៍បាតុកម្មទ្រង់ទ្រាយធំ កាលពីឆ្នាំ២០១៣ ពោលគឺក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៣រួច ដោយមេក្លោងនៃក្រុមបាតុករទាំងនោះ បានភ្ជាប់បញ្ហាប្រាក់ឈ្នួលទាប យកធ្វើជាប្រធានបទតវ៉ា ដែលកាលណោះ ក្រុមកម្មករទាំងនោះ បានទាមទារឲ្យរាជរដ្ឋាភិបាលផ្ដល់ប្រាក់ឈ្នួលដល់ពួកគេ១៦០ដុល្លារ ក្នុងមួយខែ។
ចំណុចនេះ រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានយន្តការដំឡើងប្រាក់ឈ្នួល តាមដំណាក់កាលៗ មិនអាចដំឡើងទាំងគំហកតាមការតវ៉ានោះទេ ព្រោះនិយោជកគេមិនអាចទ្រាំទ្របាន ហើយបើតែទាមទារបែបនេះ និយោជកគេនឹងបញ្ឈប់ និងលែងមកវិនិយោគនៅកម្ពុជា ដល់ពេលនោះ កុំថាឡើយប្រាក់ឈ្នួល ១៦០ដុល្លារ សូម្បីតែការងារធ្វើក៏ប្រហែលជារកមិនបានផង ព្រោះចលនាបាតុកម្មទាំងនោះ អាចរាលដាលទៅជាវិបត្តិសង្គម៕