(ភ្នំពេញ)៖ រឿង «លត់ដែកថែប» ជាប្រភេទរឿងបែបស្នេហា លាយឡំការវាយប្រហារ រវាងក្បាច់គុនល្បុកតោ និងការាតេដូ។ នេះជាស្នាដៃថ្មី ដែលចែកចាយដោយ «ពូព្រហ្ម» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗ នៅថ្ងៃទី៣០ មីនា ២០១៧ ខាងមុខនេះ។ អ្វីដែលពិសេស គឺភាពយន្តខ្មែរមួយនេះ រំលេចតួសម្តែងសំខាន់ៗ ខាងក្បាច់គុណដូចជា៖
លោក សុខ ដែន
ធ្លាប់សម្តែងក្នុងភាពយន្តបែបស្នេហា និងវាយប្រហារជាង៦០រឿង។ ក្នុងរនោះ «ល្បុក្កតោចម្លែក» ជារឿងដែលនាំទស្សនិកជនឲ្យស្គាល់គាត់កាន់តែច្បាស់។ ហើយរឿងខ្នាតធំចុងក្រោយ របស់គាត់ គឺ «ស្តេចកន» ដែលគាត់សម្តែងជាតួរង។ ក្បាច់ការពារខ្លួន ដែលគាត់ឧស្សាហ៍ប្រើ គឺ «ល្បុក្កតោ» និង «ខម»។
កញ្ញា សម ថារ័ត្ន
ហៅក្រៅថា «តាឡនតន» ដោយសាររៀងតូចច្រឡឹងរបស់កញ្ញា តែស្វាហាប់ ក្នុងសិល្បៈការពារខ្លួន ដោយប្រើក្បាច់ល្បុក្កតោជាគោល។ រឿងខ្នាតធំចុងក្រោយរបស់កញ្ញា គឺ «Jailbreak: ការពារ ឧក្រិដ្ឋជន» ដែលកញ្ញាដើរតួឯកជាប៉ូលិសស្រី។
លោក សុវណ្ណ គិរី
លោកធ្លាប់ហាត់ការាតេដូ តាំងពីអាយុ៥ឆ្នាំ ឆ្លងកាត់ការប្រកួតច្រើនប្រទេស ដូចជាហុងកុង ឥណ្ឌូណេស៊ី ជប៉ុន។ លោកបានប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ២០០៨ ទាំងផ្នែករឿងដុំ និងភាគទូរទស្សន៍។ ផលិតករភាគច្រើនជ្រើសរើសគាត់ ដើរតួក្នុងរឿងកំប្លែង។ ដោយឡែក ក្នុងរឿង «លត់ដែកថែប» នេះ គាត់សម្តែងជាតួកាច ដោយប្រើការាតេដូ តទល់នឹង ដែន និងថារ័ត្ន។
តើក្បាច់គុណខ្មែរ និងជប៉ុន ប៉ះគ្នាទៅជាយ៉ាងណា ចាំតាមដានទាំងអស់គ្នានៅចុងខែ មីនា នេះ?