(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ ពិតជាកើតឡើង ដោយការខិតខំប្រឹងប្រែង និងការរួមសាមគ្គីគ្នាពិតមែន ប៉ុន្តែបើគ្មានសុខសន្តិភាព និងស្ថិរភាពខាងនយោបាយនោះទេ ក៏យើងគ្មានឱកាសបានកសាង សមិទ្ធផលនេះឡើងបានដែរ។
តាមរយៈសមិទ្ធផលដែលទទួលបាននាពេលនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីករជឿជាក់ លើជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិ ចំពោះព្រះពុទ្ធសាសនា និងបានបង្ហាញកាន់តែច្បាស់នូវការគាំទ្រ ដល់គោលនយោបាយដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការថ្លែងបែបនេះ គឺក្នុងឱកាសដែលលោក ជា ចាន់តូ បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានាជាច្រើន ក្នុងវត្តពោធិ៍អណ្ដែត ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលជាចំណងដៃថ្មីក្នុងឆ្នាំថ្មី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នេះ។
លោក ជា ចាន់តូ បន្ដទៀតថា ជានិច្ចកាល សម្ដេចតេជោ តែងតែបានយកចិត្តទុកដាក់ និងខិតខំរកគ្រប់មធ្យោបាយនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសក្នុងនោះ រួមទាំងវិស័យព្រះពុទ្ធសាសនា។ ពិសេសទៀតនោះ គឺការដោះស្រាយរាល់ ការលំបាករបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទសំដៅកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។
ដោយឡែកលោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា សមិទ្ធផលក្នុងវិស័យពុទ្ធសាសនា ក្នុងវត្តបឹងខ្វែក បានចាប់ផ្ដើមកសាង ព្រះវិហារនេះឡើងកាលពីឆ្នាំ ២០០៥ និងបានបញ្ចប់ការសាងសង់ កាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រោមការដឹកនាំដោយ ព្រះគ្រូចៅអធិការវត្ត ព្រះនាមធម្មបញ្ញា កង ឈាន និងជា ព្រះអនុគុណ ស្រុកប្រាសាទសំបូរ ដែលមានបណ្តោយប្រវែង ២០ម៉ែត្រ គុណ ១០ម៉ែត្រ កម្ពស់ ១៦ម៉ែត្រ អស់ថវិកាជាប្រាក់រៀល ចំនួន ៦៤៧.២៥២.០០០ រៀល (៦៤៧ លាន ២៥២ ពាន់រៀល) និងប្រាក់ដុល្លា ១៦.៧២៥ ដុល្លា (១៦ ពាន់ ៧២៥ ដុល្លា) និងសមិទ្ធិផលជាច្រើនទៀត មានដូចជា នាគគ្រួសទឹក បង្គន់អនាម័យ មន្ទីរបារមី មន្ទីរបរិនិព្វាន ខ្លាងទ្វារ របងព័ទ្ធជុំវិញវត្ត និងផ្លូវគ្រួស ក្រហមផ្លូវចូលវត្ត ចំណាយអស់ជាង៣០០លានរៀល។
នៅក្នុងឱកាសនោះលោក ជា ចាន់តូ និងសហការីបានឧបត្ថម្ភបច្ច័យចំនួន ១៥លានរៀល សម្រាប់កសាងសមិទ្ធផលបន្ត និង នាំយកថវិកា ក្រណាត់ស សៀវភៅ ប៊ិច ខ្មៅដៃ ជូនដល់យាយលោកតា និង សិស្សានុសិស្សដែលបានចូលរួម។
សូមបញ្ជាក់ថា នៅថ្ងៃដដែលនោះដែរលោក ចាន់តូ ក៏បានអញ្ជើញទៅពិនិត្យការសាងសង់ សាលាធម្មសភា មួយខ្នងនៅវត្តតាំក្រសៅដែលជាអំណោយរបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រកាសផ្ដល់ជូន កាលពីខែ មិថុនា ឆ្នាំ២០១៣ កន្លងទៅនោះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ តាំងក្រសៅផងដែរ ។ សាលាធម្មសាភានេះ សង់ពីថ្មប្រក់ក្បឿងមានបណ្ដោយ ៣៥ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដែលបច្ចុប្បន្ននេះសម្រេចបានជាង ៧០%ហើយ៕