(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានថ្លែងគូសបញ្ជាក់ ដល់ប្រជាពលរដ្ឋខ្មែរក្នុងខេត្តស្វាយរៀងថា សុខសន្តិភាពដែលកំពុងគ្របដណ្តប់ ពាសពេញ ផ្ទៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាបុព្វហេតុដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ឲ្យបានរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
ឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី បានថ្លែងដូច្នេះ ក្នុងពេលរូបលោកអញ្ជើញ ជាតំណាងនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ កាត់ឫសសីមាព្រះវិហារនៅវត្តសុវណ្ណសាមគ្គីរង្សី ស្ថិតក្នុងភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី បានរំលឹកថា វត្តសុវណ្ណសាមគ្គីរង្សី ត្រូវបានរងការបំផ្លេចបំផ្លាញគ្មានសល់ ក្នុងសម័យសង្រ្គាមចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ លុះដល់ក្នុងរបប ប៉ុល ពត ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ វត្តសុវណ្ណសាមគ្គីរង្សី មានជោគវាសនាមិនខុសពី ទីអារាមដទៃនោះឡើយ ពោលគឺត្រូវបានរបបប្រល័យពូជសាសន៍ ប៉ុល ពត ទុកចោលមិន អនុញ្ញាតឲ្យប្រជាពលរដ្ឋគោរព ប្រណិបតន៍សាសនាឡើយ។
«ចាប់តាំងពីប្រទេសជាតិយើងត្រូវបានរំដោះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ទាំងប្រជាពលរដ្ឋ និងទីអារាម ដែលជាកន្លែងគោរពប្រណិបតន៍សាសនាដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរ ក៏ត្រូវបានស្រោចស្រង់ឡើងវិញ និងផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិបតន៍សាសនា»។ លោកឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី បញ្ជាក់បន្ថែម។
លោក ប៊ូ ផាន់សារី បន្តថា «សុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន រកមកបានដោយលំបាកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ យើងឲ្យបានរីកចម្រើន ដូចពេលបច្ចុប្បន្នមិនថាផ្នែកអាណាចក្រ ឬពុទ្ធចក្រនោះឡើយ។ បើគ្មានសុខសន្តិភាពនេះទេ កុំថាឡើយឱកាស សម្រាប់ការអភិវឌ្ឍប្រទេសជាតិ សូម្បីតែ ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយើង ក៏គ្មានសេចក្តីសុខនោះឡើយ»។
លោក ប៊ូ ផាន់សារី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារនោះ ឲ្យរួមគ្នាថែរក្សា សុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រ ទេសជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត។
ក្នុងពិធីនាព្រឹកមិញនេះ លោកឧត្តមសេនីយ៍ឯក ប៊ូ ផាន់សារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យភាន់ច្រឡំថា គ្រឹះស្ថាន ហិរញ្ញវត្ថុនៅ កម្ពុជា ជារបស់រដ្ឋ។ លោក ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋពិចារណាឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទៅ ខ្ចីបុលលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពោលត្រូវមើលថា ពេលខ្ចីហើយតើមានលទ្ធភាពសងគេវិញដែរឬទេ?
លោក ផាន់សារី បានបញ្ជាក់ថា រាល់បំណុលទាំងអស់មិនអាចលុបចោលវិញបាន ដូចការឃោសនារបស់ បក្សប្រឆាំងនោះឡើយ។
សូមបញ្ជាក់ថា ព្រះវិហារ វត្តសុវណ្ណសាមគ្គីរង្សី ស្ថិតក្នុងភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលកាត់ឫស សីមានាព្រឹក មិញនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៦ ហើយសាងសង់រួចរាល់ ជាស្ថាពរនៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧ ដោយចំណាយថវិកា ១៦៧,៥២២ដុល្លារអាមេរិក៕