(ភ្នំពេញ)៖ សមាជិកក្រុមចោរប្លន់ប្រដាប់អាវុធ AK២នាក់ ត្រូវបាននាយកដ្ឋាននគរបាលក្រួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តព្រៃវែងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបន្ទាប់ពីពួកគេ​បាន​រត់គេចខ្លួន អស់រយៈពេលជាង៧ឆ្នាំកន្លងមក ហើយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ត្រូវបញ្ជូនទៅកាន់តុលាការ។

ការឃាត់ខ្លួនសមាជិកក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៊ន សំអាន​អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដែលចុះធ្វើកិច្ចការនេះឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១០ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើន​ករណីក្រោយពីធ្វើសកម្មភាពប្លន់ហើយក្រុមនេះត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួន​បក្សពួកមួយចំនួននាំ ទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ចំណែកជនសង្ស័យដែលសេសសល់បានរត់គេចខ្លួនជាក់ស្តែងដូចចម្លើយសារភាពជនស្ស័យ២នាក់ខាងលើនេះថា ពួកគេបានរត់ទៅជ្រកកោណធ្វើការនៅប្រទេសថៃ អស់រយៈពេលជាង៧ឆ្នាំ ហើយនឹកស្មានថា​សមត្ថកិច្ចភ្លេចខ្លួន ក៏បានវិលមកស្រុកវិញ និងបានរស់នៅជួបជុំប្រពន្ធកូនច្រើនរាប់ខែដែរហើយ ទើបសមត្ថកិច្ចចាប់ខ្លួននេះ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ខាំ ថុន ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់កែង​ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី២៖ ឈ្មោះ ស៊ុន វណ្ណា (ហៅប៉ាអាភស្ត័) ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិព្រែកតាខាប ឃុំតុស ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានថ្លែងឲ្យដឹងថា សមត្តកិច្ចព្រៀបដូច (ជង់រង់ចាំកុក.កុកតែងតែភ្លេចជង់) ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ដោយយោងតាម​អនុសាសន៍​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោមការអនុវត្តតាមបទបញ្ជារ​របស់លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ កង សាខន អគ្គស្នងការរង ទទួលការងារនគរបាលយុត្តិធម៍។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានបន្ថែមថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មិនព្រងើយកន្តើយ រាល់បទល្មើសព្រហ្មទណ្ឌ តែងតែប្រើប្រាស់កម្លាំងឲ្យចុះស្រាវជ្រាវ ស៊ើបអង្កេត ជាប់ជាប្រចាំ។

លោកប្រធាននាយកនគរបាលព្រហ្មទណ្ឌបានបន្តថា កន្លងមកសមត្ថកិច្ចយើងបង្រ្កាប និងចាប់ខ្លួនជនសង្ស័យដែល​ប្រព្រឹត្តបទល្មើស​ព្រហ្មទណ្ឌធំៗ បានជាច្រើនករណីរួចមកហើយជាក់ស្តែងដូចករណីនេះ លោកបានចាត់​តាំងលោកឧត្តមសេនីយ៍ត្រី ប៊ន សំអាត អនុប្រធាននាយកដ្ឋាន ឲ្យចុះទៅសហការជាមួយ​នគរបាលខេត្តព្រៃវែងដែលកម្លាំងយើងស៊ើបអង្កេតដឹងថាមានជនសង្ស័យជាសមាជិកក្រុមចោរប្លន់​អាកា២នាក់ បានវិលមកលាក់ខ្លួននៅស្រុកកំណើតវិញ ដែលសមត្ថកិច្ចយើងមានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូងរាជធានី
ភ្នំពេញស្រាប់។

តាមដីកាចាប់ខ្លួននោះ ចេញដោយលោកស្រី ចាំង ស៊ីណាត កាលលោកស្រី នៅជាចៅក្រមស៊ើបសួរ សាលាដំបូង​រាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ខាំ ថុន និងឈ្មោះ ស៊ុន វណ្ណា ពាក់ពន្ធពីបទប្លន់ប្រដាប់អាវុធ​ប្រព្រឹត្តនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ (ពោលគឺជាង៧ឆ្នាំមុន)។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បន្តថា ជនសង្ស័យកំពុងត្រូវបានសមត្តកិច្ចកំពុងធ្វើការសាកសួរ ដើម្បីស្រាវជ្រាវរក​បទល្មើសផ្សេងក្រៅពីដីកាចាប់ខ្លួននេះទៀត បន្ទាប់មកសមត្តកិច្ច និងកសាងសំណុំរឿងបញ្ជូនពួកគេទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ៕