(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកស្រី ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតី ប្រគល់សញ្ញបត្រដល់និស្សិតនៃសាកលវិទ្យាមានជ័យ ចំនួន ១០១៥ នាក់ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ អ្នកពាក់ពន្ធ័នឹងបញ្ហាគ្រឿងញៀនទាំងអស់ ត្រូវតែដកខ្លួនឲ្យឆ្ងាយពីបញ្ហានេះ ព្រោះថាការអនុវត្តគឺមិនមានការរើសអើងទេ ស្មើភាពគ្នាចំពោះមុខច្បាប់ «សូមឆ្លើយថាទេ ចំពោះគ្រឿងញៀន»។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងឲ្យដឹងថា សភាពការស្រុកទេសចេះតែវិវត្តន៍ទៅមុខលឿន ដូច្នេះការបន្តការសិក្សារៀនសូត្រ គឺអត់មានដែនកំណត់ឡើយ។ ទោះបីនិស្សិតយើងបានបព្ចាប់ការសិក្សាថ្ងៃនេះក្ដី គឺនៅតែអាចសិក្សាតទៅមុខទៀតបាន។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកទឹកចិត្តដល់និស្សិត ឲ្យសិក្សាបានជ្រៅជ្រះនិងខ្ពង់ខ្ពស់,គ្មានការរីកចម្រើនណាមួយ ដែលគ្មានការចូលរួមនោះទេ, គឺយើងខិតខំទាំងអស់គ្នាដើម្បីថែរក្សាការពារសន្តិភាព ដើម្បីប្រទេសយើងរីកចម្រើនទៅមុខ ទោះបីក្មួយៗនិស្សិត បានសិក្សារៀនសូត្រ ចេះដឹងដល់កម្រិតក៍ដោយ គឺមិនត្រូវភ្លេចអតីតកាលខ្លួនឡើយ ព្រោះវាលំបាកណាស់ទម្រាំមានសន្តិភាពមកដល់សព្វថ្ងៃនេះ។
គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានបើកទូលាយឲ្យមានវិស័យឯកជនចូលរួមអភិវឌ្ឍវិស័យអប់រំផងដែរទើបមាន សាកលវិទ្យាល័យឯកជនជាច្រើនបានបើកទ្វារ និងជួយជុំរុញអោយគុណភាពអប់រំកម្ពុជាកាន់តែរីកចម្រើនមកដល់សព្វថ្ងៃ ហើយទីតាំងសាកលវិទ្យាល័យនេះគឺពីមុនគឺជាតំបន់ប្រយុទ្ឋគ្នា។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានប្រគល់សញ្ញបត្រ ដល់និស្សិតជ័យលាភី និងថ្លែងអំណរគុណ ដល់ឪពុក ម្ដាយ អាណាព្យាបាល សាស្ត្រចារ្យ លោកគ្រូអ្នកគ្រូ ដែលបានរួមចំណែកអប់រំបណ្ដុះបណ្ដាលធនធាន មនុស្សនៅកម្ពុជាក្នុង ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ហើយក៏បានចូលរួម អបអរសារទរីករាយ និងកោតសរសើរដល់និស្សិត ជ័យលាភីទាំងអស់ដែលបាន បព្ចាប់ ការសិក្សា និងទទួលសញ្ញបត្រថ្ងៃនេះផងដែរ៕