(ភ្នំពេញ)៖ ជាការពិតភាពយន្តនីមួយៗ នៅពេលថតចប់រួចរាល់ ម្ចាស់ផលិតកម្ម ឬផលិតករនោះ តែងតែធ្វើពិធីបើកសម្ពោធ យ៉ាងអធិកអធម ដើម្បីទាក់ទាញអ្នកទស្សនា និងដើម្បីបង្ហាញពីភាពជោគជ័យ ក្នុងការផលិតរឿងរបស់ខ្លួន ឲ្យទស្សនិកជនបានជ្រាប។ ដោយឡែកផលិតករក្នុងរឿង «កំពូលស៊យឆ្លងភព» បែរជាចេញមុខអះអាងថា ខ្លួនពុំមានលទ្ធភាពនឹងចាយទុនបន្ថែម ក្នុងការសម្ពោធរឿង នៅមុនពេលដាក់បញ្ចាំងក្នុងរោងភាពយន្តនោះទេ ពោលគឺខ្លួនកំពុងតែវ័ណ្ឌក ជំពាក់ប្រាក់ធនាគារ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់រូបលោក។
ប្រភពព័ត៌មានទម្លាយចេញឲ្យដឹងថា តាមការពិតភាពយន្តរឿង «កំពូលស៊យឆ្លងភព» ត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៦ មីនាខាងមុខ ហើយក៏មានគម្រោង ធ្វើពិធីសម្ពោធនៅថ្ងៃទី១៥ មុនថ្ងៃចាក់បញ្ចាំងមួយថ្ងៃ ប៉ុន្តែត្រូវបានផលិតករ មិនបានធ្វើពិធីសម្ពោធទេ ព្រោះគ្មានលទ្ធភាព ខណៈដែលរឿងបានថតចប់រួចរាល់ហើយ។
បើយោងតាមការបញ្ជាក់ពីប្រភពដដែល បានឲ្យដឹងថា លោក តន់ វុទ្ធី គឺជាផលិតករមួយរូបចិត្តធំ និងហ៊ានលះបង់យ៉ាងធំធេង ដើម្បីភាពយន្តខ្មែរ ដែលកម្រមានអ្នកជំនួញផ្នែកភាពយន្តណាម្នាក់ហ៊ានធ្វើដូចលោក ខណៈដែលកន្លងមក លោកធ្លាប់មានការចុះផ្សាយនូវព័ត៌មានខាងធនាគារគំរាមរឹបអូសដីស្រែ ពីផលិតកររូបនេះម្ដងរួចមកហើយ ដោយសារតែលោកខ្វះទុនបានទៅចងការលុយពីធនាគារបន្ថែម មកផលិតភាពយន្តខាងលើ។ តែស្របពេលរឿងដែលរបស់លោក ផលិតយកគុណភាពល្អត្រូវប្រើពេលវេលាយូរ ទើបធ្វើឲ្យរាំងស្ទះការប្រមូលថវិកាពីការចាក់បញ្ចាំងមកសងធនាគារទាំងការ និងដើមវិញ។
ដោយឡែកជុំវិញ បញ្ហាដ៏គួរឲ្យខ្លោចចិត្តនេះ ផលិតកររឿង «កំពូលស៊យឆ្លងភព» លោក តន់ វុទ្ធី ក៏បានទទួលស្គាល់ថា នៅពេលនេះលោកពិតជាគ្មានទុនធ្វើពិធីសម្ពោធ ដើម្បីផ្សព្វផ្សាយឲ្យទស្សនិកជនបានដឹងជាព័ត៌មានទេ លោកពិតជាមានការបារម្ភខ្លាចរឿង «កំពូលស៊យឆ្លងភព» មិនមានអ្នកបានដឹង និងមិនសូវមានបងប្អូនខ្មែរ ទៅជួយគាំទ្រ។ ប៉ុន្តែធ្វើម៉េចបើលោកគ្មានជម្រើស។ ផលិតករក្រខ្សត់រូបនេះបន្តថា ទន្ទឹមនឹងការព្រួយបារម្ភនេះ លោកគ្មានពាក្យអ្វីក្រៅពី លើម្រាមដៃដប់សុំឲ្យបងប្អូនខ្មែរ ជាពិសេសយុវវ័យដែលតែងចូលរួមគាំទ្រភាពយន្តខ្មែរ សូមចូលរួមជួយលើកទឹកចិត្តលោក ដែលកំពុងប្រឈមនឹងបញ្ហាទាំងអស់នេះ។
គួរបញ្ជាក់ថា ខណៈដែលភាពយន្តរឿង «កំពូលស៊យឆ្លងភព» ចាប់ផ្ដើមផ្សព្វផ្សាយឈុតខ្លីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានព័ត៌មានថា រឿងដំបូងរបស់ផលិតកម្ម អូហ្វីម មួយនេះ គ្រោងធ្វើពិធីសម្ពោធចាក់បញ្ចាំង នៅថ្ងៃទី១៥ មុនថ្ងៃបញ្ចាំងមួយថ្ងៃ ប៉ុន្តែសម្រាប់ព័ត៌មានផ្លូវការ និងក្ដុកក្ដួល គឺផលិតករមិនបានធ្វើពិធីសម្ពោធ ដើម្បីជូនដំណឹងដល់មហាជន ឲ្យបានដឹងទេ ព្រោះលោកគ្មានលទ្ធភាព គឺអស់ទុនពីខ្លួនតែម្ដង៕