(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បាននាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូននាយ ទាហាន នាយទាហានរង និងពលទាហានចំនួន ៧១២នាក់ នៅយោធភូមិភាគពិសេស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បាននាំយកនូវប្រសាសន៍សាកសួរសុខទុក្ខ នាយ-ពលទាហានយោធភូមិភាគពិសេស ពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានប្តេជ្ញា ដាច់ខាតយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខជាតិ បូរណភាពទឹកដីនៃកម្ពុជា ការពារឲ្យបានដាច់ខាតនូវបដិវត្តន៍ពណ៍ មិនឲ្យកើតមានឡើង នៅលើទឹកដីកម្ពុជា និងការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បានប្រគល់ជូន នូវនាយ-ពលទាហាន យោធភូមិភាគពិសេស ចំនួន ៧១២នាក់ ក្នុងម្នាក់ៗជូនថវិកា ៥ម៉ឺនរៀល, អង្ករ ចំនួន៥តោន, ទឹកសុទ្ធ ចំនួន១០០កេស, មីចំនួន៥០កេស, ទឹកក្រូច ចំនួន៥០កេស, ស្រាបៀរ ចំនួន៥០កេស, ត្រីខចំនួន១០ កេស, និងបានផ្តល់ជូនថវិកាចំនួន២០លានរៀល ដល់យោធភូមិភាគពិសេសផងដែរ៕