(កំពង់ឆ្នាំង)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ កំលាំងជំនាញបោសសំអាតសំណល់ជាតិផ្ទុះ ក្រោមទឹករបស់អង្គភាព CMAC កំពុងប្រតិបតិ្តការយកគ្រាប់បែក ទំលាក់ពីយន្តហោះអាមេរិកកាំង នៅបឹងទន្លេសាប (នៅក្បែរភូមិក្នុងបឹងទន្លេសាប)ភូមិបឹងព្រលូង ឃុំសំរោងសែន ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំងមានចំនួន២ទីតាំង អាចមានចំនួន២គ្រាប់ ហើយអាចជាប្រភេទ MK2។
លោក ហេង រតនា បានបញ្ជាក់ថា ប្រតិបត្តិការចុះដោះគ្រាប់បែកដ៏គ្រោះថ្នាក់ ទម្លាក់ពីលើយន្តហោះរបស់អាមេរិនេះ ធ្វើឡើងបន្ទាប់ពីមានការផ្តល់ព័ត៌មានពីប្រជានេសាទ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ ប្រជានេសាទទាំងឡាយ ក្នុងភូមិសាស្ត្រនេះ សូមមេត្តាជួយសហការជាមួយ កំលាំងនគរបាលមូលដ្ឋាន និងកំលាំង CMAC ដែលកំពុងប្រតិបតិ្តការនៅវេលានេះ។
សូមជម្រាបថា កម្លាំងមន្ត្រីជំនាញ CMAC បានរកឃើញ និងដោះគ្រាប់បែកទម្លាក់ពីយន្តហោះអាមេរិក ជាញឹកញាប់ ដែលគ្រាប់បែកទាំងនោះបាន គំរាមកំហែងដល់សុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋខ្មែរ។
អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕