(កណ្ដាល)៖ ទីតាំងស្តុកឈើប្រណិត និងកែច្នៃឈើ២កន្លែង នៅក្នុងភូមិចំការចិន និងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកណ្តាល សហការជាមួយនគរបាលស្រុកអង្គស្នួល ចុះទៅបង្ក្រាប និងរឹបអូសបានឈើប្រណិតចំនួន១១៥ដុំ ឈើបន្ទះ៥០១បន្ទះ ដកហូតម៉ាស៊ីនកែច្នៃឈើមួយចំនួន ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់ផងដែរ។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា «ទីតាំងដែលយើងត្រូវបង្ក្រាបនោះ ទី១៖ ស្ថិតនៅក្នុងភូមិចំការចិន រឹបអូសឈើប្រណិត ប្រភេទធ្នង់ដុំ៩៧ដុំ និងឈើបន្ទះ៨៥បន្ទះ ស្មើ៥ម៉ែត្រគូប ម៉ាស៊ីនសម្រាប់ជ្រៀកកែច្នៃឈើមួយចំនួន និងទីតាំងមួយកន្លែងទៀត នៅក្នុងភូមិត្រពាំងត្នោត រឹបអូសឈើប្រណិតប្រភេទបេង៤ដុំ ឈើធ្នង់១២ដុំ ឈើបន្ទះ៤១៦សន្លឹក ដែលម្ចាស់ទីតាំងទាំងពីរនេះមានឈ្មោះ ផុន សុជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ»

លោកបានបន្តទៀតថា មុនពេលចុះបង្ក្រាបទីតាំងទាំងពីរកន្លែងនោះ បានធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានពីមហាជនថា មានទីតាំងកែច្នៃឈើខាងលើ លួចដឹកឈើប្រណិតាមរថយន្តសេរីទំនើប ចូលមកទម្លាក់នៅពេលយប់ទាំងរថយន្តៗ។

ក្រោយទទួលបទបញ្ជាពីស្នងការនគរបាលខេត្តកណ្តាល និងមានការសហការពីជំនាញព្រៃឈើ ក៏ដូចជាកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការ ទើបលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃើញ ប្រទះឃើញមុខសញ្ញាចូលទៅទម្លាក់ឈើ ទើបកម្លាំងចូលបង្ក្រាបបានរថយន្ត១គ្រឿងម៉ាក LEXUS RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AH-2637 និងរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX-330បានព្យាយាមបើកគេចខ្លួនបាត់។

លោកបានបន្តថា ក្រោយកម្លាំងចូលបង្ក្រាបរួច និងឃាត់ម្ចាស់ទីតាំងខាងលើទើបដឹងថា នៅមានទីតាំងមួយកន្លែងទៀត នៅក្នុងភូមិត្រពាំងត្នោត ដែលជាទីតាំងសម្រាប់នាំយកឈើទៅស្តុក ចែកចាយបន្ត កែច្នៃ និងមានឈ្មួញនៅរង់ចាំទិញជាជនជាតិចិន-ជនជាតិវៀតណាម ទើបកម្លាំងបន្តទៅបង្ក្រាប ដោយរកឃើញឈើនៅក្នុងទីតាំងទី២ ឈើបេង៤ដុំ ឈើធ្នង់១២ដុំ ឈើបន្ទះ៤១៦សន្លឹកបន្ថែមទៀត។

លោក អ៊ុក ចាន់បូរិន នាយរងសង្កាត់ព្រៃឈើស្រុកអង្គស្នួល បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីធ្វើការរាប់ និងវាស់រួចឃើញថា ឈើដុំមានជាង១០០ដុំ និងឈើបន្ទះ៥០០បន្ទះ ប៉ុន្តែមិនទាន់ដឹងប៉ុន្មានម៉ែត្រគូបទេ រង់ចាំបូកសរុបសិនដោយដឹកយកទៅរក្សានៅ សង្កាត់ព្រៃឈើ ស្រុកអង្គស្នួល ចំណែកម្ចាស់ទីតាំងលោកប្រគល់ ទៅឲ្យនគរបាល់ចាត់ការទៅតាមនីតិវិធីច្បាប់។

បើតាមចម្លើយម្ចាស់ទីតាំងខាងលើបានឲ្យដឹងថា ការរកស៊ីនេះពួកគេបានទំនាក់ទំនងជាមួយនាយប៉ុស្តិ៍ម្នាក់ក៏ដូចជា ជំនាញព្រៃឈើស្រុកអង្គស្នួល និងមន្ត្រីប៉េអឹមស្រុក ដោយជំនាញព្រៃឈើមកយកលុយដោយគិតជាក្បាលរទេះ ចំណែកប៉េអឹមស្រុកវិញ គឺបង់ជាខែតាមមន្ត្រីម្នាក់ ដែលជាមន្ត្រីប៉េអឹមផង បើមិនដូច្នេះគេមិនអាចធ្វើបាននោះទេ។

ប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុនោះ បាននិយាយថា ទីតាំងគឺធ្វើសកម្មភាពអាច្រៀកនៅតែពេលយប់នោះទេ ដោយជញ្ជូនឈើចូល និងលក់ចេញនៅពេលយប់ផងដែរ ដោយមានជនជាតិចិន និងវៀតណាមចាំទិញ បន្តដោយដឹកជញ្ជូនចេញបន្តតាមរយៈរថយន្តទ្រង់បិតជិត មានរថយន្តទំនើប២ទៅ៣គ្រឿងដើរមើលផ្លូវ។

លោក ណយ ពុទ្ធ មេភូមិត្រពាំងត្នោតបានបញ្ជាក់ឲ្យដឹងថា ទីតាំងនេះ លោកធ្លាប់សុំប័ណ្ណប៉ាតង់គេមើល គឺអស់សុពលភាពតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ៕