(កណ្តាល)៖ ស្របពេលដែលដំណើរការអភិវឌ្ឍន៍ លើវិស័យកសិកម្មរបស់ក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍បានចាប់ផ្តើមភ្ជួររាស់ដី នៅចំណុចកន្ទុយដីស្រែប្រាំងរបស់តាឆក ស្ថិតនៅកសិដ្ឋានរបស់ខ្លួន ក៏បានប្រទះឃើញនូវបង្គោលថ្មធំៗ ជាច្រើនកំណាត់ ត្រូវបានជនខិលខូចដឹកយកទៅ ដាក់រាយប៉ាយនៅ ពាសពេញផ្ទៃដីដោយខាងតំណាងក្រុមហ៊ុន បានដាក់ការសង្ស័យថា បង្គោលទាំងនេះគឺពិតជា របស់ក្រុមឈ្មួញខិលខូចទិញ លក់ដីដោយមានការឃុប ឃិតជាមួយនឹងបុគ្គល ខិលខូចមួយចំនួន មានបំណងបោះបង្គោល បែងចែកខណ្ឌដីរដ្ឋទុកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនតែម្ដង។
នេះបើតាមការបញ្ជាក់របស់ លោក តាំង សុឃី ជំនួយការក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បានប្រាប់អោយដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ខណៈក្រុមហ៊ុន កំពុងបន្តដំណើរការគ្រឿងចក្រឈូសឆាយ លើដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋដែលទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
លោកបានបន្តថា ក្រុមឈ្មួញខិលខួចទាំងនោះតែងតែ បង្កនូវផលលំបាកម្តងហើយម្តងទៀត យ៉ាងអាណាធិបតេយ្យបំផុត ក្នុងការហ៊ុព័ទ្ធយកដីរដ្ឋ នៅក្នុងតំបន់កសិកម្មនេះធ្វើជាកម្មសិទ្ធិ បង្កអោយក្រុមហ៊ុនជួបនូវការអាក់ខានដំណើរការ កសិកម្ម ដំណាំស្រូវស្របតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
លោកអះអាងបន្តថា ក្រុមហ៊ុនបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីសម្របសម្រួលជូនប្រជាពលរដ្ឋ ដែលពួក គាត់បាន អាស្រ័យផលលើដីរដ្ឋកាលពីកន្លងមក ដោយពុំមានបញ្ហាអ្វីនោះទេ ប៉ុន្តែបែរជាចេញមុខឈ្មួញទិញ ដីលក់ដីដែលសុទ្ធតែ ក្រុមមានធនធានទ្រព្យ សម្បត្តិបានចិញ្ចឹមមហិច្ឆតា រំលោភយកដីរដ្ឋយ៉ាងអនាធិបតេយ្យទៅវិញ ។
លោក តាំង សុឃី បានបញ្ជាក់ថា ក្នុងនាមក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ វិស័យកសិកម្មលើដីសម្បទាន សេដ្ឋកិច្ច របស់រដ្ឋ គឺបានន័យក្រុមហ៊ុន បានជួលដីពីរដ្ឋ ប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ ក្រុមឈ្មួញខិលខូចទាំងនោះ មិនអោយរំលោភ យកដីរដ្ឋលើដីសម្បទានសេដ្ឋកិច្ចនេះ ធ្វើជាកម្មសិទ្ធិឡើយ។
ទន្ទឹម នឹងនេះ ក្រុមហ៊ុនក៏បានស្នើសុំទៅស្ថាប័ន មានសមត្ថកិច្ចដែលពាក់ព័ន្ធជួយចូលរួម ទប់ស្កាត់សកម្មភាពរបស់ ក្រុមឈ្មួញខិលខូចទាំងនេះ ដើម្បីទុកលទ្ធភាព អោយក្រុមហ៊ុនបានដំណើរការកសិកម្មដំណាំស្រូវ ដែលប្រមុខរាជរដ្ឋាភិបាល កម្ពុជាក្រោមមាគា៏ដឹកនាំ ដ៍ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរខ្ពស់ពីវិស័យកសិកម្មនេះ ប្រយោជន៍ជម្រុញកំណើនសេដ្ឋកិច្ច ជាតិ និងជម្រុញការនាំអង្ករចេញ អោយបាន១លានតោនក្នុង១ឆ្នាំ ៕