(ព្រះវិហារ)៖ មន្រ្តីយោធាបំរើការនៅកងពលធំអន្តរាគមន៍លេខ៣ បានស្លាប់បាត់បង់ជីវិត ដោយសារត្រូវរន្ទះបាញ់ ស្របពេលទៅដកដំឡូងនៅឯចំការ នាព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអន្លែងវែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះខាងលើនេះ ឈ្មោះ សេង ធី ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបរជាទាហានបំរើការ នៅអង្គភាពកងពល ធំអន្តរាគមន៍លេខ៣ រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានទៅដកដំឡូងនៅឯចំការ លុះរសៀលបន្តិចមេឃចាប់ផ្តើមខ្មៅអួរអាប់ លាយឡំភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ស្របពេលនោះជនរងគ្រោះ បានរត់ទៅជ្រកក្រោមដើមឈើ បណ្តាលឲ្យរន្ទះបាញ់ផាំងដួលនៅលើដី ភ្លាមនោះអ្នកជិតខាង និងក្រុមគ្រួសារទៅជួយសង្គ្រោះ តែមិនអាចជួយបានដោយជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុ ប្រចាំសប្តាហ៍ដោយបញ្ជាក់ឲ្យដឹងថា ចាប់ពី ថ្ងៃទី១២-១៣ ខែមីនា ភ្លៀងកក់ខែអាចនឹងធ្លាក់ស្ទើរទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលនឹងភ្លៀង ពិសេសតំបន់វាលទំនាប់៕