(កណ្តាល)៖ អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល លោក សន វី បានថ្លែងទៅកាន់ ប្រជាពលរដ្ឋ តាមមូលដ្ឋាន សូមកុំឲ្យមានការយល់ច្រឡំថា «មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ដើម្បីឲ្យប្រជាពលរដ្ឋ​ចាញ់បោកការឃោសនា របស់ក្រុមអ្នកនយោបាយមួយចំនួន។  

ការលើកឡើងរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្អាងនេះ ខណៈដែលលោក និងក្រុមការងារ ចុះសួរសុខទុក្ខពលរដ្ឋ តាមខ្នងផ្ទះ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ថវិកាមួយចំនួន និងកង់ទៅចែកជូនប្រជាពលរដ្ឋនៅទីនោះ។

លោក សន វី បានថ្លែងថា នាពេលកន្លងទៅ មានអ្នកនយោបាយខ្លះហេតុតែចង់ឲ្យមានការជឿជាក់ និងចង់បានសន្លឹកឆ្នោតពីប្រជាពលរដ្ឋ នោះ បានខិតខំភូតភរប្រជាពលរដ្ឋ ដោយនិយាយថា ប្រជាពលរដ្ឋទៅខ្ចីលុយរដ្ឋ ហើយជំពាក់លុយ​ តែតាមការពិតប្រជាពលរដ្ឋខ្លះ ទៅខ្វីលុយ តាមបណ្តាមីក្រីហិរញ្ញវត្ថុសោះ ហេតុនេះចាប់ពីពេលឥឡូវទៅ សូមប្រជាពលរដ្ឋ កុំចាញ់បោកការឃោសនាបែបប្រជាភិថុត តទៅទៀត។

ជាមួយគ្នានេះ ក្រោយពីចុះសួរសុខទុក្ខប្រជាពលរដ្ឋរួច លោកបានដឹកនាំកម្លាំងបន្ត ទៅពិនិត្យផ្លូវបេតុង១ខ្សែ ក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលទើបតែបញ្ចប់ការស្ថាបនារួចរាល់ ទៅតាមសំណើរបស់ពលរដ្ឋ តាមរយៈក្រុមការងារ ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន។

លោក សន វី ក៏បានដឹកនាំក្រុមការងារចុះតាមខ្នងផ្ទះពលរដ្ឋ ពីភូមិមួយទៅភូមិមួយ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឃុំព្រែកគយ ដែលធ្លាក់មានជំងឺប្រចាំកាយ និងស្រ្តីមេម៉ាយក្រីក្រ ហើយបានឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន និងកង់ផងដែរ។ លោកបានផ្តែផ្តាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំព្យាបាលខ្លួន និងខិតខំថែរក្សាសុខភាព ព្រោះបើសុខភាពល្អហើយ ជីវភាព គ្រួសារក៏អាចកើនឡើងមួយម្រិតផងដែរ។

ក្រោយពីសួរសុខទុកប្រជាពលរដ្ឋរួចនោះ លោកបានដឹកនាំក្រុមការងារបន្តចុះទៅពិនិត្យផ្លូវ បេតុង១ខ្សែ ដែលទើបស្ថាបនារួច ក្នុងភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង តបតាមសំណើរបស់ប្រជាពលរដ្ឋ តាមរយៈក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយរួមនិង អាជ្ញាធរស្រុកស្អាង ដែលផ្លូវនេះ ភ្ជាប់ពីផ្លូវលេខ២១បេ ឆ្ពោះទៅកាន់មាត់ទន្លេមានប្រវែង ជាង២០០ម៉ែត្រ និងទទឹង៤ម៉ែត្រ។ លោកបាន ផ្ដាំផ្ញើប្រជាពលរដ្ឋ ត្រូវនាំគ្នាចូលរួមជួយថែរក្សា ដើម្បីទុកប្រើប្រាស់បានយូរអង្វែង៕