(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះទៅចាប់ខ្លួនប្រធានក្រុមហ៊ុន «សូហ្វីយ៉ា ខូស្មិចទិច» គឺអ្នកស្រី សេក ប៊ុណ្ណាវឿន អាយុ២៧ឆ្នាំ មានទីតាំងស្ថិតនៅផ្ទះលេខ៤៨ តាមបណ្ដោយផ្លូវណតប្រ៊ីដ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីស្រ្តីរូបនេះ បានលួចយកផលិតផលគ្រឿងក្រអូបរបស់ក្រុមហ៊ុមដើម ដែលនាំចូលផ្តាច់មុខមកប្រទេសកម្ពុជា យកទៅលក់ និងចែកចាយដោយគ្មានច្បាប់អនុញ្ញាត។
មន្រ្តីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការចុះទៅចាប់ខ្លួនប្រធានក្រុមហ៊ុនរូបនេះ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដោយដកហូតរថយន្តមួយគ្រឿង ម៉ាកឡង់រ៉ូវែរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3332 ព្រមទាំងវត្ថុតាង ជាគ្រឿងក្រអូបជាច្រើនផងដែរ។
មន្រ្តីនគរបាលបានបញ្ជាក់ថា ការចុះទៅឃាត់ខ្លួនស្រ្តីរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន SOKUN VATANAK TRADING Co.,Ltd ដែលបានសុំចុះបញ្ជី និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូលផលិតផលម៉ាក «TABITA & Device» ដោយបានប្តឹងប្រធានក្រុមហ៊ុនមួយនេះ លួចនាំចូលផលិតផលផ្តាច់មុខរបស់ខ្លួនយកមកលក់ និងចែកចាយយ៉ាងទូលំទូលាយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ៕