(ភ្នំពេញ)៖ លោក សែម វិសាល ម្ចាស់ផលិតកម្ម Wonder Film Cambodia នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ បានរៀបចំក្រុងពាលី ថតរឿងថ្មីស្រឡាងមួយទៀត ដែលជាស្នាដៃទី៣ របស់លោកនោះគឺរឿង«ស្នូរជើងអ្នកណា»។
ពិធីក្រុងពាលីរឿងថ្មីនេះ បានរៀបចំធ្វើ នៅភូមិគ្រឹះបុរាណមួយកន្លែង ស្ថិតនៅម្តុំព្រែកហូរ ក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល។ ភូមិគ្រឹះបុរាណមួយកន្លែងនោះ ត្រូវបានគេស្គាល់ថា ជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ គឺព្រឹទ្ធាចារ្យ ឆេង ផុន។
លោក សែម វិសាល បានប្រាប់ឲ្យដឹងថា សាច់រឿងទាំងមូលនៃភាពយន្ត «ស្នូរជើងអ្នកណា» បង្ហាញពីភាពភ័យ រន្ធត់ គួរឲ្យខ្លាច ប៉ុន្តែបានបង្កប់នូវការអប់រំជាច្រើន ដូចជា ការដឹកគុណឪពុកម្តាយ ការស្រឡាញ់ និងការលះបង់ រវាងស្វាមី ភរិយា និងកូន, បង្ហាញពីសមត្ថភាពជ្រាវជ្រាវ និងការតស៊ូ, បង្ហាញពីភាពកោងកាចរបស់យុវវ័យក្នុងសង្គម ដែលឈានដល់ការមានផ្ទៃពោះ និងប្រព្រឹត្តសកម្មភាពមួយចំនួនខុសនឹងច្បាប់ជាដើម។ លោកបានបន្តថា រឿង«ស្នូរជើងអ្នកណា» នឹងថតផ្ទៃរឿងទាំងមូល ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដោយចំណាយពេលថត រយៈពេល ៣ខែ។
ម្ចាស់ផលិតកម្ម Wonder Film Cambodia រូបនេះ បានបន្ថែមថា សាច់រឿងនិងប្លង់ថតទាំងមូល នៅក្នុងរឿង«ស្នូរជើងអ្នកណា»គឺមិនមានការចំលងនោះទេ គឺកើតចេញពីការសរសេរ និងរៀបចំសាច់រឿង ដោយរូបលោក និងក្រុមការងារដោយផ្ទាល់។
លោក សែម វិសាល បានប្រាប់ថា ខ្សែភាពយន្តតំណាងវប្បធម៌សិល្បខ្មែរ ដូចនេះ ខ្សែភាពរបស់ Wonder Film Cambodia តែងផ្សារភ្ជាប់ទៅនឹងបេតិកភណ្ឌ វប្បធម៌ខ្លះៗ ដើម្បីផ្សព្វផ្សាយ ឲ្យសាធារណជន និងអន្តរជាតិ ហើយក៏អាចចូលរួមក្នុងការ លើកស្ទួយវប្បធម៌ខ្មែរ។
តាមការគ្រោងទុក ផលិតកម្ម Wonder Film Cambodia នឹងថតរឿងចំនួន២បន្ថែមទៀត ក្នុងនោះ មានរឿង «សញ្ញាក្រោមមេឃ និងស្តេចអង្គរក្ស» ។
គិតមកដល់ពេលនេះ ផលិតកម្ម Wonder Film Cambodia បានផលិតរឿងដែលជាស្នាដៃមិនចំលងពីគេ បានចំនួន២រឿង ហើយទី១រឿង «ប្រាសាទកំបាំងមុខ» និងរឿងទី២ «ផ្ទះចិញ្ចឹមខ្មោច» ជាប្រភេទរឿងព្រឺព្រួច ភ័យរន្ធត់ និងប្លែកភ្នែកខុសពី ខ្សែភាពយន្តប្រភេទរឿងខ្មោច មួយចំនួនទៀត គ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ៕