(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការ​ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យតាមចាប់ខ្លួនលោក ស៊ី ស ត្រូវជាកូនប្រសារបស់លោក ឆេង ឡុង នាយរងសេនាធិការអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា មានការពាក់ព័ន្ធបទល្មើសព្រៃឈើ។

ជាមួយគ្នានេះ លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរ បន្ទាប់ពីកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបការដឹកជញ្ជូន និងទីតាំងស្តុកឈើ នៅជាប់ផ្ទះវីឡារបស់លោក ដែលជារបស់កូនប្រសា។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទា​ប់ពីមានការសួរនាំទៅ លោក ឆេង ឡុង មិនទាន់រកឃើញថា មានការជាប់ពាក់ព័ន្ធការរកស៊ីឈើនោះទេ ប៉ុន្តែជាកូនប្រសារបស់លោកទៅវិញទេ មានឈ្មោះស៊ី ស។ យ៉ាងណាក៏ដោយ បើតាមលោក អេង ហ៊ី សម្រាប់លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរចំពោះករណីនេះ តែមិនទាន់ដឹងពីលទ្ធផលនោះទេ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង
ខេត្ត បានឃាត់រថយន្ត១គ្រឿងម៉ាក HYUNDRI ពណ៌ស ទម្ងន់៥តោន ពាក់ស្លាកលេខភ្នំពេញ 3C-9511 នៅចំណុច
ភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយចាប់ខ្លួនអ្នកបើកបរម្នាក់ឈ្មោះ យឹម សុខភារម្យ អាយុ៣២ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ បានដឹកជញ្ជូនឈើធ្នង់ ម្រេញ ចេញពីផ្ទះលោក ស៊ី ស អាយុ៣០ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាកូនប្រសារបស់លោក ឆេង ឡុង នាយរងសេនាធិការអាវុធហត្ថខេត្ត។

ក្រោយពីកម្លាំងបានឃាត់រថយន្តខាងលើនោះរួចមក ក៏បន្តឃាត់រថយន្ត១គ្រឿងទៀតម៉ាក HYUNDRI ពណ៌ស
ពាក់ស្លាកលេខ ភ្នំពេញ 3A-9126 បានដឹកឈើ ធ្នង់ ម្រេញ១រថយន្តនៅខាងមុខផ្ទះឈ្មោះ ស៊ី ស តែអ្នកបើកបរបាន
រត់គេចខ្លួនបាត់។

បន្ទាប់ពីឃាត់រថយន្តទាំង២គ្រឿង និងមានការសួរនាំរួចមក កម្លាំងអាវុធហត្ថ បានបន្តចុះទៅឆែកឆេរនៅក្នុងឃ្លាំងស្តុកឈើរបស់ឈ្មោះ ស៊ី ស នៅជាប់ផ្ទះវីឡារបស់លោក ឆេង ឡុង តែម្តង ដោយរកឃើញឈើមានកំណាត់ធំៗ យ៉ាងច្រើនដុំ ដែលរហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថស្ទូចយកចេញមិនទាន់រួចនៅឡើយទេ។

សម្រាប់ការចុះបង្ក្រាបបទល្មើសព្រៃឈើនាប៉ុន្មានថ្ងៃនេះ​ គេសង្កេតឃើញថា លោក ម៉ៅ បូរិមិន្ទ និងលោក ឯម សុខុម ជាក្រុមបង្ក្រាបរបស់មន្ទីរកសិកម្មខេត្ត រួមទាំងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ មិនបានយកចិត្តទុកដាក់ ក្នុងការសហការបង្ក្រាបខាងលើនោះទេ តែបែរជានាំគ្នាគេចវេសចង់យករួចខ្លួនទៅវិញ នេះបានបង្ហាញថា មន្រ្តីខ្លះមានការជាប់ពាក់ព័ន្ធបទល្មើសដ៏ធំមួយនេះផងដែរ៕