(ព្រះវិហារ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នាវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ត្រូវបានផ្ទេរមុខតំណែង ឲ្យមកបម្រើការងារជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
នៅក្នុងពិធីនាព្រឹកនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនពីសំណាក់ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំសាលាខេត្តព្រះវិហារ ថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថខេត្ត តំណាងប្រធានមន្ទីរនានា នៃខេត្តព្រះវិហារ ចៅក្រម ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង លេខាធិការដ្ឋានរដ្ឋបាលតុលាការ និងក្រឡាបញ្ជីនៃសាលាដំបូងខេត្តព្រះវិហារ និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ជាមួយគ្នានោះដែរ នៅរសៀលម៉ោង៣៖០០នាទី ថ្ងៃដដែលនេះ លោក អង្គ វង្សវឌ្ឍានា នឹងអញ្ជើញជាអធិបតីប្រកាសផ្ទេរ និងចូលកាន់តំណែង ព្រះរាជអាជ្ញា ខេត្តស្ទឹងត្រែងផងដែរ។
កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខដំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន៣១រូប៕