(ភ្នំពេញ)៖ ក្រោយមានបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះបង្ក្រាបល្បែងសីុសង និងបទល្មើសតាមមូលដ្ឋាននោះ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះទៅចាប់ទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយនេះ បានធ្វើឡើងដោយ មានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ហើយបានឃាត់ខ្លួនបានមនុស្សចំនួន២នាក់ ទី១ ឈ្មោះ គឹម សេង ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរ នៅផ្ទះ និងទី២ឈ្មោះ អ៊ុ ស្រីលីន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ នៅផ្ទះ។
បើតាមលោក ម៉ក់ ហុង បានបន្តទៀតថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាល បានដកហូតបានឧបករណ៍សម្រាប់ កត់កន្ទុយលេខមួយចំនួន លុយខ្មែរចំនួន ១.៣៤៤.០០០រៀល និងលុយដុល្លារ ២៦៦ដុល្លារ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីក៏សាងសំណុំរឿងបញ្ចូនទៅតុលាការ។