(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ បានជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ទូទាំងខេត្តសៀមរាប ដោយមានការចូលរួមប្រមាណចំនួន៨៨០នាក់។
នៅក្នុងឱកាសសំណេះសំណាលនោះឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សមាជិកបក្សទាំងអស់ត្រូវធ្វើការណែនាំដល់បង្អូនប្រជាជន កុំឲ្យចាញ់ពាក្យឃោសនារបស់បក្សមួយចំនួន ដែលបាន លើកឡើងថា (បើសិនបក្សគេឈ្នះឆ្នោត គេនឹងលុបចោលបំណុលដែលបងប្អូនជំពាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់) ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា វាមិនអាចទៅរួចទេ ព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនមែន ជារបស់រដ្ឋទេ ហើយរដ្ឋក៏មិនមានសិទ្ធក្នុងការលុបចោលនូវ បំណុលទាំងនេះបានឡើយ។
ជាមួយនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំ ដើម្បីតម្រូវឲ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជា បន្ថយអត្រាការប្រាក់ដល់កម្រិតមួយ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាជនយើង។ បន្ថែមពីលើនេះទៀត នាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានបញ្ជាក់ថា បច្ចុប្បន្នសម្ដេចតេជោ កំពុងសម្របសម្រួលជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបសំណើរស្នើទៅអង្គរការយូនីស្កូល ដើម្បីកាត់ឆ្វៀលដីពីតំបន់ដែលជាប់អប្សរាមួយចំនួនដើម្បីផ្ដល់ប្លង់កម្មសិទ្ធ ជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ។
ជាចុងបព្ចាប់ក៏បានផ្ដាំផ្ញើ និងណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ និងជួយដោះស្រាយ រាល់ការលំបាកប្រជាពលរដ្ឋ ស្របតាមទិសដៅ និងផែនការដែលគណ:កម្មាធិការកណ្ដាល បានដាក់ចុះជួយខេត្តសៀមរាប និងបាននាំយកថវិកា ពីគណ:កម្មាធិការកណ្ដាល និងក្រុមការងារសំរាប់ឧបត្ថម្ភដល់គណបក្សនិងឃុំ-សង្កាត់១០០ នៅក្នុងខេត្តសៀមរាប៕