(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ បានចុះពិនិត្យព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ជាង៥,០០០នាក់ ដោយឥតគិតថ្លៃ ដែលរស់នៅ ក្នុងភូមិដំណាក់ធំ៥ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្ដទៅក្នុងវិមានសុភបង្គល។
ក្នុងការចុះពិនិត្យនោះ ដឹកនាំដោយ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ តំណាងឲ្យលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានកិត្ដិយស សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក រួមទាំងប្រធានក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន និងសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។
លោក ហេង សុខគង់ បានថ្លែងថា «នេះជាលើកទីមួយហើយ ដែលក្រុមការងារយើង បានចុះមកព្យាបាលប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ដែលធ្វើការ និងរស់នៅទីតាំងនេះ តែជាលើកទី២៧ដែលក្រុមការងារយើងខ្ញុំ បានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយគិតថ្លៃ នៅតាមបណ្ដាទីតាំងផ្សេងទៀត ដោយយើងមាននូវគ្រូពេទ្យ ដែលមានជំនាញទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋយើង ឲ្យមានប្រសិទ្ធភាពខ្ពស់ និងយកសេវាព្យាបាលមួយនេះ មកឲ្យកៀកផ្ទះពូកគាត់តែម្ដង ក្នុងការផ្ដល់ភាពងាយស្រួលដល់ពួកគាត់»។
លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យស្រលាញ់សុខភាពជាកត្ដាចម្បង គឺត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះវាមានតម្លៃណាស់ ទោះយើងធ្វើអ្វីក៏ដោយបើសុខភាពយើងចុះខ្សោយ ធ្វើអ្វីក៏មិនបានល្អ និងច្រើនដែរ កត្ដាដូច្នេះហើយ បានជាក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលដឹកនាំដោយ លោក ហ៊ុនម៉ានី និងលោកស្រី យឹម ឆៃលីម ហ៊ុនម៉ានី ដែលជាប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការចុះជួយពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ,ខ្វះលទ្ធភាពនៅតាមជនបទ គ្រប់២៥ខេត្ដ-ក្រុងដោយឥតគិតថ្លៃ ហើយនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីព្យាបាលជូនប្រជាពលរដ្ឋ គ្រប់ពេល និងគ្រប់ទីកន្លែង។
ព្រមជាមួយគ្នានោះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC បានឲ្យដឹងថា «ខ្ញុំសម្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងអាជ្ញធរខណ្ឌរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅថ្ងៃនេះ ហើយបើយោងតាម អនុសារណៈយោគយល់គ្នា រវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ក្រុមការងារយើងទាំងពីរបានរៀបចំកម្មវិធីចំនួន៣លើកមកហើយ លើកទី១ នៅខណ្ឌដង្កោ ដែលមានពលរដ្ឋយើង ៤,៤៥០នាក់ លើកទី២-នៅខណ្ឌពោធិ៍សែនជ័យ ចំនួន៦,២១១នាក់ និងលើកទី៣នេះ ប្រមាណ៥,០០០នាក់ ដែលមានគ្រូពេទ្យជំនាញៗដែលចុះមកថ្ងៃនេះចំនួន៣១៨នាក់ ដោយនេះដូចជាពេទ្យចល័តមួយលើកមកព្យាបាលនៅទីនេះ ដោយគិតថ្លៃ»។
លោកបន្ដថា ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖
១៖ ជំងឺទូទៅ ៧៥៤នាក់
២៖ ជំងឺបេះដូង និងសរសៃឈាម ១២៥នាក់
៣៖ ជំងឺមនុស្សចាស់ ២១៥នាក់
៤៖ ជំងឺត្រចៀក ច្រមុះ បំពង់ក ២៣៩នាក់
៥៖ ជំងឺភ្នែក ២២៧នាក់
៦៖ ជំងឺសើស្បែក និងកាមរោគ ៨០នាក់
៧៖ ជំងឺផ្លូវចិត្ត ៤៥នាក់
៨៖ ជំងឺកុមារ ៣២០នាក់
៩៖ ជំងឺវះកាត់ និងរោគសន្លាក់ ១៣១នាក់ (វះបានចំនួន១២នាក់)
១០៖ ជំងឹមាត់-ធ្មេញ ១៩០នាក់
១១៖ ពិនិត្យអេកូសាស្ត្រ ២០២នាក់
១២៖ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ១០៥នាក់
១៣៖អប់រំសុខភាពសាធារណៈ ២៣នាក់
១៤៖ ជំងឺតម្រង់នោម ១៧៤នាក់
១៥៖ ពិនិត្យបឋម និងវាស់សំពាធឈាម ៥០១នាក់
គួរបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ព្រោះបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕