(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុន ផលិតទឹកពិសាគុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌ បានពាំនាំអង្ករ ២តោន និងផលិតផលទឹកពិសា វីតាល់ ជាច្រើនកេស ព្រមទាំងរបស់របរប្រើប្រាស់មួយចំនួនទៀត ឧបត្ថម្ភជូនដល់ពូៗរត់ស៊ីក្លូទូទាំងក្រុងភ្នំពេញ ប្រមាណ២០០នាក់។

កម្មវិធី «ស៊ីក្លូនៃក្តីសង្ឃឹម» ធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោក ជុនហៀង ថាវសិទ្ធិ ជាប្រធានផ្នែកទីផ្សារ តំណាងក្រុមហ៊ុនវីតាល់ និងលោក តាំង គឹមឡេង អ្នកដឹកនាំក្រុមយុវជន ផ្តួចផ្តើម និងសម្របសម្រួលកម្មកម្មវិធី។

បើតាមការសិក្សាស្រាវជ្រាវរបស់យុវជនស្ម័គ្រចិត្ត បានបញ្ជាក់ថា អ្នករត់ស៊ីក្លូទូទាំងប្រទេសកម្ពុជាសព្វថ្ងៃមានចំនួនប្រមាណ២០០នាក់ ដែលពួកគាត់ភាគច្រើនរស់នៅក្នុងជីវភាពក្រីក្រ អ្នកខ្លះទៀតក៏គ្មានទីពឹង និងផ្ទះសំបែង ដែលស្នាក់នៅលើស៊ីក្លូរៀងរាល់យប់គួរឲ្យអាសូរ។ ជាងនេះទៅទៀតពូៗរត់ស៊ីក្លូទាំងអស់ គឺសុទ្ធតែមានវ័យចំណាស់ ក្នុងនោះ ២នាក់មានអាយុជាង ៨០ឆ្នាំទៅហើយ ក៏នៅតែបន្តរត់ស៊ីក្លូដើម្បីចញ្ចឹមជីវិត ដដែល។

ដោយសារតែមើលឃើញការលំបាកច្រើនសណ្ឋានបែបនេះ ទើបវីតាល់បានពាំនាំ និងគាំទ្រឲ្យមានកម្មវិធី «ស៊ីក្លូនៃក្តីសង្ឃឹម» ដើម្បីផ្តល់ជាការឧបត្ថម្ភដល់ ពូៗរត់ស៊ីក្លូទូទាំងរាជធានី ក្នុងគោលបំណងចែករំលែកការលំបាកផ្នែកស្បែងអាហារ ព្រមទាំងចង់ផ្សព្វផ្សាយ ដល់ស្ថាប័នពាក់ព័ន្ធដទៃទៀត ងាកមកផ្តល់ជំនួយ បន្ថែមចំពោះការខ្វះខាតរបស់អ៊ំៗស៊ីក្លូ ដែលមាននៅចំពោះមុខ។

លោក ជុនហៀង ថាវសិទ្ធិ បានថ្លែងថា ជាទូទៅប្រជាពលរដ្ឋខ្មែរទាំងអស់សុទ្ធតែបានដឹង បានឮហើយថា ពូៗនិងអ៊ំៗរត់ស៊ីក្លូសព្វថ្ងៃ គឺរស់នៅក្នុងជីវភាព កាន់តែលំបាក ព្រោះការនិយមប្រើប្រាស់ស៊ីក្លូរបស់ប្រជាពលរដ្ឋយើងមានធ្លាក់ចុះខ្លាំង ក្នុងយុគសម័យទំនើប ។ ហេតុដូចនេះ ធ្វើឲ្យចំណូលរបស់ពូៗ កាន់តែខ្សត់ខ្សោយ។ ម្យ៉ាងវិញទៀតសព្វថ្ងៃនេះ អ្នករត់ស៊ីក្លូ គឺភាគច្រើនជាមនុស្សមានវ័យចំណាស់ ពួកគាត់ពិតជាត្រូវការជំនួយយ៉ាងខ្លាំង ពីសប្បុរសជនទូទាំងប្រទេស ។ ការឧបត្ថម្ភថ្ងៃនេះ ប្រហែលជាមិនអាចជួយដល់ទុក្ខលំបាកទាំងស្រុងរបស់លោកពូស៊ីក្លូបានទេ ប៉ុន្តែវីតាល់សង្ឃឹមថា នេះក៏អាចជួយទំនុកបម្រុងដល់ពួកគាត់មួយគ្រាផងដែរ។

វីតាល់ក៏ឆ្លៀតឱកាសនេះ អំពាវនាវដល់ក្រុមហ៊ុន សប្បុរសជនដទៃទៀត ចួលរួមជួយបន្តលើវិស័យស៊ីក្លូក្នុងប្រទេស ចៀសវាងការឈានទៅរកការបាត់បងទាំងស្រុង នៅថ្ងៃអនាគតខាងមុខ។ លោកប្រធានផ្នែកទីផ្សារ ក៏បានបន្តដែរថា កម្មវិធីសប្បុរសធម៌មួយនេះ អាចកើតមានឡើង គឺដោយសារតែអតិថិជនវីតាល់ ដែលជាម្ចាស់មូលនិធិ២៥៛របស់យើង។ លោកបញ្ជាក់ថា វីតាល់គឺជាផលិតផលដែល ធានាបាន នូវគុណភាព និងអនាម័យ ដែលបានអនុឡោមតាមស្តង់ដារជាតិនិងអន្តរជាតិយោងតាម ដោយយើងយក ចិត្តទុកដាក់ក្នុងការពិនិត្យគុណភាពជាចំណង ។
ជាងនេះទៅទៀតវីតាល់គឺជាក្រុមហ៊ុនខ្មែរ ផលិតដោយជនជាតិខ្មែរ យើងមានមនសិការជាតិ មោទនភាព ជាមួយនឹងទស្សនវិស្ស័យ ដើម្បីឲ្យក្រុមហ៊ុនវីតាល់ក្លាយជាក្រុមហ៊ុនជាតិ ដែលទទួលបានការកោតសរសើរ ជាងគេក្នុងវិស្ស័យផលិតផលទឹកពិសា។

លោក តាំង គឹមឡេង អ្នកដឹកនាំក្រុមយុវជនផ្តួចផ្តើម កម្មវិធី «ស៊ីក្លូនៃក្តីសង្ឃឹម» បាននិយាយថា នេះជាលើកទី៧ ហើយដែលក្រុមការងារលោក បានរៀបចំកម្មវិធីសប្បុរសធម៌ សម្រាប់អ្នករត់ស៊ីក្លូទូទាំងរាជធានីនេះឡើង។ លោកពិតជារំភើប និងសប្បាយចិត្ត នៅពេលដែលទទួលបានការគាំទ្រ និងចូលរួមកាន់តែធំៗពីសំណាក់សាធារណជន ជាពិសេសក្រុមហ៊ុនវីតាល់ដែលបានចូលជួយជ្រោមជ្រែងកម្មវិធីលើកនេះ។ លោកបន្តថា ក្រុមការងារលោកបង្កើតកម្មវិធីនេះឡើង ដោយមិនបានបម្រើដល់ស្ថាប័នណាមួយឡើយ ព្រោះការធ្វើឡើងដូចដែលបានឃើញនេះ គឺកើតចេញពីសន្តានចិត្តយុវជនស្ម័គ្រចិត្តសុទ្ធសាធ ហើយចំពោះការឧបត្ថម្ភដទៃទៀត គឺបានមកពីការបរិច្ចាគពីបងប្អូនក្នុង និងក្រៅប្រទេសម្នាក់បន្តិចៗ។

ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត និងផ្សព្វផ្សាយ កម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចក់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះ សូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕