(ព្រះសីហនុ)៖ ជនទំនើងចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ចាប់ខ្លួនពីបទប្រើអំពើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុច ក្រុមទី១០ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនទំនើង៤នាក់ខាងលើនេះ ទី១៖ ឈ្មោះ កែវ ធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងកាដ្ឋានសំណង់ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ទី២៖ ឈ្មោះ អឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ដូចគ្នា ទី៣៖ ឈ្មោះ ឡាយ ឆៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅដូចគ្នា ទី៤៖ ឈ្មោះ រិន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅដូចគ្នា។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ជនទំនើង៤នាក់ បានស្ទាក់ម៉ូតូជនរងគ្រោះ ឈ្មោះ កិ សម្ជស្ស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើដោយបានវាយ១ខ្សែ ក្រវ៉ាត់ចំកែងដៃ ពេលនោះជនរងគ្រោះរត់ចោលម៉ូតូ ក៏ត្រូវក្រុមជនល្មើស ប្រើប្រាស់មេសោរច្រវ៉ាក់, ដុំថ្ម, ដំបងឈើ វាយបំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ បែកបាក់ជាច្រើនកន្លែង។ ដកហូតវត្ថុតាងរួមមាន៖ មេសោរ និងច្រវ៉ាក់មួយ ឧបករណ៍ធ្វើសកម្មភាព។
បច្ចុប្បន្ន ជនទំនើងទាំង៤នាក់ ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅជំនាញ ដើម្បីចាត់ការបន្ត៕