(ភ្នំពេញ)៖ លោក ម៉េង ហៀង ប្រធានសហព័ន្ធកីឡាស្គីទឹកកកកម្ពុជាបានឲ្យដឹងថា កីឡាករ-កីឡាការនី បាននឹងកំពុងហ្វឹក​ហាត់​យ៉ាងសកម្ម ដើម្បីអភិវឌ្ឍខ្លួនចូលរួមប្រកួតលក្ខណៈអន្ដរជាតិ ISI (Ice Skating Institute of Asia) នៅប្រទេសចិន ឥណ្ឌូនេស៊ី និងហុងកុង ក្នុងឆ្នាំ២០១៧។

លោក បានបន្ដថា «សន្ទុះនៃការហ្វឹកហាត់របស់កីឡាករ-កីឡាការនី កំពុងឈានដល់កម្រិតចាប់ផ្ដើមនៃវិញ្ញាសា កម្រិតស្តង់ដារអន្តរជាតិ ពួកគាត់នឹងមានឱកាសចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡា​ SEA Games នៅឆ្នាំ២០២៣ផងដែរ។ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា នឹងបន្តការបណ្ដុះបណ្ដាល កីឡាករ-កីឡាការនីយ៉ាងសកម្មនេះ ជាក្ដីសង្ឃឹមនៃវិស័យកីឡាស្គីទឹកកកកម្ពុជា នាថ្ងៃអនាគត ក្រោមការជួយជ្រោមជ្រែងនិងឧបត្ថម្ភពី ក្រសួងអប់រំ យុវជន និងកីឡា»

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសសើរចំពោះសមត្ថភាព និងទេពកោសល្យរបស់កីឡាករ-កីឡាការនីស្គីទឹកកក ដែលបានបង្ហាញពីភាពអស្ចារ្យយ៉ាងប៉ិនប្រសប់របស់ខ្លួនក្នុងការប្រកួត។

លោក ស៊ាន បូរ៉ាត មានក្ដី សង្ឃឹម និងចូលរួមជំរុញសហព័ន្ធកីឡាស្គីទឹកកកកម្ពុជាអោយខិតខំបន្ថែមទៀតក្នុងការពង្រឹង ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស គ្រូបង្វឹក ចៅក្រម និងមន្ត្រីរៀបចំកំរិតជាតិនិងអន្តរជាតិ អោយមានឆន្ទៈខ្ពស់ វិន័យ ទេព្យកោសល្យ ក្នុងការហ្វឹកហាត់ ដើម្បីប្រកួតជ្រើសរើសជើងឯក និងអ្នកខ្លាំងតំណាងប្រទេសជាតិ។

ជាមួយគ្នានោះ នាយកដ្ឋានអប់រំកាយ និងកីឡាសង្ឃឹម និងជឿជាក់ថា សហព័ន្ធកីឡាស្គីទឹកកកកម្ពុជានឹង អនុវត្តបន្ថែមទៀត ឱ្យវិស័យកីឡាស្គីទឹកកកកម្ពុជាមានការរីកចម្រើនទាំងគុណភាព និងបរិមាណ។ នាយកដ្ឋានអប់រំកាយ និងកីឡា បានសម្តែង​ការអ​រគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ភ្ញៀវកិត្តយស ដែលបានឆ្លៀតឱកាសដ៏ថ្លៃថ្លាផ្ដល់នូវកម្លាំងចិត្តដល់កីឡាករ-កីឡាការនីអោយ ខិតខំប្រឹងប្រែងបញ្ចេញ អស់កម្លាំងកាយចិត្ត សមត្ថភាព ទេពកោសល្យ បច្ចេកទេសដែលខ្លួន មានឱ្យបានទទួលជោគជ័យ ក្រោមបរិយាកាសដ៏រីករាយ និងមានការគាំទ្រយ៉ាងពេញទំហឹងពី ភ្ញៀវជាតិនិងអន្តជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០១៧ កន្លងទៅនេះ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាសហការជាមួយនាយកដ្ឋាន
អប់រំកាយនិងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតកីឡាស្គីទឹកកកជ្រើសរើសជើងឯកថ្នាក់
ជាតិប្រចាំឆ្នាំ២០១៧ នៅទីលានជិះស្គីទឹកកកកម្ពុជា (Ice Park Cambodia) ស្ថិតនៅជាន់ទី៤ក្នុងផ្សារទំនើបអ៊ីអន។

ព្រឹត្តការណ៍នេះបានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមរបស់កីឡាករ-កីឡាការនី ចំនួន៤៨នាក់ មកពីក្លឹបចំនួន១២ បានបង្ហាញសមត្ថភាពក្នុងការប្រកួតទាំង៩វិញ្ញាសាដោយ មានបែងចែកទៅតាមកម្រិត។ ចំណាត់ថ្នាក់ជ័យលាភីលេខ១ទទួលបានមេដាយមាស លេខ២មេដាយប្រាក់ និងលេខ៣មេដាយសំរិទ្ធ៕