(កំពង់ចាម)៖ នៅក្នុងវេទិកាសាធារណៈ នៅឯខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត ដែលគេជឿថាមេដឹកនាំយុវជនជំនាន់ក្រោយ របស់កម្ពុជា បានរំលេចអំពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការខិតខំស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា សន្តិភាពរបស់កម្ពុជា គឺជាគុណបំណាច់ដ៏ធំធេង របស់រាជរដ្ឋាភិបាល ដែលខិតខំស្វែងរកដោយលំបាក ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាសាធារណៈបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិហារអ៊ីស្លាមមួយ ឈ្មោះ «ហក្កុលមីទះ HAQUL MIDAH» ស្ថិតនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១២ មីនា ២០១៧។ ពិធីសម្ពោធនោះ មានការចូលរួមដោយក្រុមការងារ និងប្រជាពលរដ្ឋជាច្រើនរូប។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារសុខសន្តិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពលរដ្ឋខ្មែឥស្លាម រស់នៅ ក្នុងភាពសុខដុមរមនា ដោយមិនមានការរើសអើង ហើយមានឱកាសគោរពប្រណិបត្តិសាសនា មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាសនាឥស្លាម រួមមានវិហារ សាលារៀន និងបានបង្កឱកាសលើកទឹកចិត្តលោកគ្រូអ្នកគ្រូ សិស្សានុសិស្សខ្មែរឥស្លាមទទួលបានការអប់រំនិងឱកាសផ្សេងៗទៀត។
លោកបានបន្ថែមថា ក្នុងសម័យសុខសន្តិភាព នាពេលសព្វថ្ងៃនេះ គឺអាត្រាប្រជាជនមានការកើនឡើង បើប្រៀបធៀបនឹងអតីតកាល ដូច្នេះតម្រូវការ របស់ប្រជាពលរដ្ឋ ក៏មានការឡើងដែរ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋមានកំរិតជីវភាពរស់នៅធូរធា និងរស់នៅក្នុងភាពសុខសាន្ត។ លោកបានជំរុញឱ្យពលរដ្ឋ បន្តការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ដើម្បីបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា ដែលកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំគ្រប់បែបយ៉ាង ហើយបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋមិនដែល រត់ចោលប្រជាពលរដ្ឋម្តងណាឡើយ។
បណ្ឌិតយោធា ដែលបញ្ចប់ការសិក្សានៅសាលា West Point សហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដែលរាជរដ្ឋាភិបាល បានខិតខំកសាងតាំពីបាទដៃទទេ មកដល់ជិត៤០ឆ្នាំកន្លងមកនេះ គឺរាប់មិនអស់ទេ។ លោកបានបន្ថែមទៀតថា «យើងបានសម្ពោធសមិទ្ធិផលថ្ងៃនេះគឺខុសពីរយៈពេលជាង៣០ឆ្នាំមុន។ សមិទ្ធិផលទាំងអស់ ដែលបានកសាងជាច្រើនមកនេះ គឺមិនមែនកសាងដើម្បីនរណាទេ គឺដើម្បីប្រជាពលរដ្ឋនៅទូទាំងប្រទេស។ យើងជាខ្មែរតែមួយត្រូវចូលរួមអបអរសាទរ និងមានមោទនភាព ចំពោះសុខសន្តិភាព ការអភិវឌ្ឍនិងការរីកចម្រើនរបស់ប្រទេសជាតិ។ បើគ្មានអ្នកដឹកនាំ ដែលមានឆន្ទៈនិងមានសមត្ថភាព ជួយដល់ប្រជាពលរដ្ឋនោះទេ ក៏គ្មានការរីកចម្រើន ដូចសព្វថ្ងៃដែរ»៕