(ត្បូងឃ្មុំ)៖ អស់រយៈពេល២ថ្ងៃមកហើយ ដែលរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ចុះត្រួតពិនិត្យ និងវិភាគរកឃើញជាបន្តបន្ទាប់នូវសារធាតុគីមីនៅលើបន្លែផ្លែឈើ និងម្ហូបអារហារមានដូចជា៖ ខ្ទឹមស ខ្ទឹមក្រហម ក្រូចឃ្វិច ត្រីងៀតសំយ៉ុង និងត្រីងៀតក្រហម នៅតាមផ្សារ និងច្រកទ្វារព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ មន្ត្រីកាំកុងត្រូលខេត្ត និងរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល សហការជាមួយ មន្ត្រីគយ ដោយមានការសម្របសម្រួលពីមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារទ្វេភាគីដារ បានចុះត្រួតពិនិត្យបន្លែផ្លែឈើ ម្ហូបអារហារជាបន្តទៀត មានដូចជាៈ ស្ពៃ ក្រូចខ្វិច ប៉ម ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម សាច់ត្រី សាច់ជ្រូក សាច់គោ និងជាច្រើនមុខទៀត ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន នៅផ្សារដា និងច្រកទ្វារទ្វេភាគីដារ ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមលោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា៖ ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ បានធ្វើឡើងជាប្រចាំទៅតាមការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍ របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការពង្រឹង និងបង្កើននូវសកម្មភាព ចុះត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារ ជាពិសេសទំនិញនាំចូលតាមច្រកទ្វារព្រំដែនទាំងអស់ទូទាំងប្រទេស អោយដូចភ្លៀងរលឹម ដើម្បីធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។
លោក បន្តថា ក្រោយការពិនិត្យ និងវិភាគដោយ រថយន្តមន្ទីរពិសោធន៍ចល័តរបស់កាំកុងត្រូល លើបន្លែផ្លែឈើ និងម្ហូបអាហារទាំងនោះ គឺបានប្រទះឃើញ សំណល់ថ្នាំសំលាប់សត្វល្អិតនៅលើ ស្លឹកខ្ទឹម ដែលជាសារធាតុគីមី មិនអនុញ្ញាតអោយប្រើប្រាស់លើបន្លែទាំងនោះឡើយ ព្រោះវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
លោកប្រធានទីផ្សារ បញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យ និងវិភាគឃើញជាក់ស្តែង មន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការដកហូតភ្លាមៗនូវស្លឹកខ្ទឹម ដែលផ្ទុកសារធាតុគីមីទាំងនោះ ដើម្បីយកទៅកំទេចចោល ព្រមទាំងបានណែនាំ អប់រំ និងធ្វើកិច្ចសន្យា ជាជំហានបន្ទាប់ មន្ត្រីកាំកុងត្រូលខេត្ត នឹងបន្តតាមដានស្វែងរកប្រភព ដែលប្រមូលព័ត៌មានពីទីផ្សារ ក្នុងន័យ ធ្វើយ៉ាងណាធ្វើការទប់ស្កាត់ និងបង្រ្កាបអោយខានតែបាន ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់៕