(ព្រះវិហារ)៖ ព្រះសង្ឃ សប្បុរសជន ពុទ្ធបរិស័ទ និងសិស្សនិស្សិត រាប់រយកនាក់ ដែលអញ្ជើញមកពីខេត្តសៀមរាប ភ្នំពេញ កំពង់ធំ និងខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ បានជួបសំណេះសំណាល និងរៀបចំកម្មវិធីអប់រំសីលធម៌ ចរិយាធម៌ បណ្ដុះគុណធម៌ បរិយាយស្មូត ព្រះគុណពុក/ម៉ែ នៅក្នុងខេត្តព្រះវិហារ។
ពិធីនោះ មានការចែកសម្ភារ:សិក្សា សម្លៀកបំពាក់ ដល់សិស្សនុសិស្ស ចំនួន ៦០០នាក់ ដោយមានអ្នកចូលរួមពីអាជ្ញាធរដែនដីភូមិ, ឃុំ, ស្រុក, លោកគ្រូ អ្នកគ្រូ, ប្រជាពលរដ្ឋ, យុវជនកាយរិទ្ធិ, យុវជនកាកបាទក្រហម, សរុបចំនួនប្រមាណជា ៧០០អង្គ/នាក់។
ព្រះតេជ្ជគុណ សំ សោភណ ប្រធានគម្រោងលើកទី២៤ ដែលបានចូលរួមរៀបពិធីនេះ បានមានសង្ឃដិការថា៖ ក្នុងកម្មវិធីអប់រំសីលធម៌ ចរិយាធម៌ បណ្ដុះគុណធម៌ បរិយាយស្មូត ព្រះគុណពុក/ម៉ែ និងចែកសម្ភារ:សិក្សាដល់សិស្សនុសិស្ស ដល់សិស្សសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនេះ បានរៀបចំនៅវត្តឧត្តមគិរី (ហៅវត្តរអាងក្រោម) ឃុំរអាងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ កម្មវិធីនេះ រៀបចំនិងសហការដោយក្រុមទឹកចិត្តសិស្សច្បង ដែលជាក្រុមមនុស្សធម៌ និងអាជ្ញាធរមូលដ្ឋាន ហើយក៏មានចែកជូននូវសម្ភារ:សិក្សា មានប៊ិច សៀវភៅ ខ្មៅដៃ បន្ទាត់ ជ័រលប់ ជាដើម យកមកចែកជូនដល់ សិស្សានុសិស្ស សរុបប្រមាណជា៦០០នាក់។
ក្នុងនោះ មានអង្គការស្នាដៃខ្មែរ របស់សប្បុរសជប៉ុន តាមរយៈលោក ថោង ចាន់ធីរ៉ូ អាជីវករ និងជាប្រតិបត្តិករទេសចរណ៍ នៅក្រុងសៀមរាប បាននាំនូវសម្លៀកបំពាក់ ជាង ១៥កេស ដែលជាអំណោយរបស់សប្បុរសជប៉ុន យកមកចែកជូនដល់ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួម ផងដែរ ហើយមកព្រះសង្ឃ, ពុទ្ធបរិស័ទ, អាជ្ញាធរដែនដី, ប្រជាពលរដ្ឋ, សិស្សានុសិស្ស, យុវជន បានរៀបចំពិធីបុណ្យផ្កាប្រាក់ ដើម្បីជួយកសាងវត្តឧត្តមគិរី (ហៅវត្តរអាងក្រោម) នេះផងដែរ៕