(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូបឋមសិក្សា។ ពិធីនេះមានការចូលរួមពីអស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូបឋមសិក្សា ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺចំនួន៣០០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍របស់ លោក ង៉ាក់ ប៊ុនធី អភិបាលស្រុកបរសេដ្ឋ អំពីការងារអប់រំ សកម្មភាពគណបក្សស្រុក និងការងារឆ្ពោះទៅកាន់ការបោះឃុំសង្កាត់ នាពេលខាងមុខរួចមក លោកទេសរដ្ឋមន្រ្តីបានមានមតិសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ អំពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស កាន់អំណាចក្នុងការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍជាតិឱ្យបានរីកចម្រើនដូចបច្ចុប្បន្ន។
លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីកត្តាសំខាន់ ក្នុងការរក្សាការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងធានានូវស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះ លោកបានសុំកុំឱ្យលោកគ្រូអ្នកគ្រូជឿការឃោសនាអកុសល ដែលលើកដោយជនអគតិដែលចង់នាំឱ្យមានការផ្លាស់ប្តូរដែលបង្កជាចលាចល និងក្រឡាប់ចាក់ ក្នុងចេតនាផ្តួលរំលំរបបឱ្យសោះ។
លោកថ្លែងថា «បច្ចុប្បន្នយើងកំពុងរៀបចំឱ្យមានកំណែទម្រង់លើគ្រប់វិស័យ ដែលជាលទ្ធផលយើងឃើញមានការផ្លាស់ប្តូរដូចជា កម្ពុជាបានប្រែក្លាយ ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ប្រាក់បៀវត្សលោកគ្រូអ្នកគ្រូបានដំឡើងជាបន្តបន្ទាប់ ហើយនឹងបន្តដំឡើងដល់ជិត១លានរៀន នៅមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខជាដើម។ ដូច្នេះ យើងកំពុងធ្វើការផ្លាស់ប្តូរ តាមរយៈកំណែទម្រង់ ពីព្រោះថាគណបក្សប្រជាជនកម្ពុជាមិនចេះតែសន្យាចោលទេ បើហ៊ានសន្យាគឺហ៊ានធ្វើ និងមានការទទួលខុសត្រូវ»។
លោកទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើឱ្យលោកគ្រូអ្នកគ្រូទាំងអស់ ទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា និងកុំជឿការឃោសនា បោកប្រាស់មុនពេលបោះឆ្នោត ដែលជាការសន្យាចោលរបស់គណបក្សប្រឆាំង។
នាឱកាសនោះ លោកទេសរដ្ឋមន្រ្តីក៏បានឧបត្ថម្ភ លោកគ្រូអ្នកគ្រូក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងអាវយឺតមួយ គណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋថវិកាចំនួន១៥០០០០រៀល និងកងកម្លាំងការពារចំនួន ១៥ម៉ឺនរៀលផងដែរ៕